នេះជាលើកទី១ នៃ El Clasico ក្នុងរយៈពេលដ៏យូរដែលគ្មានវត្តមាន Messi និង Ronaldo

កីឡាករ Cristiano Ronaldo និង Lionel Messi គឺជាកីឡាករឆ្នើមបំផុតក្នុងជំនាន់ថ្មីនេះ ហើយក៏ជាកីឡាករទាំង២នាក់ដែលល្បី រំភើប និងគួរឲ្យចង់ទស្សនាបំផុតក្នុងការប្រកួត El Clasico ។

Lionel Messi គឺជាកីឡាករដែលបានស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតគូនេះ ដោយគេរកបាន២៦គ្រាប់ ដែលគូប្រកួតបច្ចុប្បន្នរបស់ Messi ដែលកំពុងលេងឲ្យក្រុម Real Madrid គឺ Karim Benzema ដែលមាន៨គ្រាប់។ ហើយកីឡាករ Cristiano Ronaldo និង Alfredo Di Stefano បានស៊ុតបញ្ចូលទី១៨គ្រាប់ដូចគ្នាឲ្យក្រុម Real Madrid។

ដោយកីឡាករ Cristiano Ronaldo បានចាកចេញទៅកាន់ក្រុម Juventus ហើយ Lionel Messi មានរបួសដៃកាលពីការប្រកួតជាមួយក្រុម Sevilla ការប្រកួត El Clasico គឺពិតជាបានបាត់បង់កីឡាករឆ្នើមទាំង២នាក់ក្នុងការប្រកួតប្រវត្តិសាស្ត្រក្នុងសករាជថ្មីនេះ។

អ្នកគាំទ្របាល់ទាត់ទាំងអស់មិនអាចស្រមៃពីការប្រកួត El Clasico ដែលគ្មានកីឡាករ Ronaldo ឬ Messi បានទេ ប៉ុន្តែការប្រកួតទី១ក្នុងរដូវកាលនេះរវាងក្លឹបយក្សរបស់អេស្ប៉ាញទាំង២ នឹងលេងដោយគ្មានវត្តមានកីឡាករឆ្នើមទាំង២នាក់ជាលើកដំបូងចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៧ មកម៉្លេះ។

ការប្រកួតកាលនោះគឺមានកីឡាករឆ្នើមៗដូចជា Ronaldinho, Deco, Raul និង Casillas ជាដើម ប៉ុន្តែពេលនេះមានតែកីឡាករ Ramos ទេដែលនៅមានលេងក្នុងការប្រកួតនេះបច្ចុប្បន្ន។ ការប្រកួតកាលនោះក្រុម Real Madrid បានយកឈ្នះក្រុម Barcelona 1-0៕

ប្រភព៖ sportskeeda

error: Content is protected !!