អាមេរិក​និង​ចិន​សម្លឹងមើល ខណៈ​ពូ​ទីន​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅអោយ​ឥណ្ឌា

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានទៅដល់ឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ទី៤តុលា ដោយសង្ឃឹមថា នឹងសំរេចបានកិច្ចព្រមព្រៀងលក់អាវុធតំលៃរាប់ពាន់លានដុល្លារ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោកណារេនដ្រា ម៉ូឌី ដែលវាទំនងជានឹងធ្វើអោយចិននិងអាមេរិក ព្រមទាំងប៉ាគីស្ថានមិនពេញចិត្ត។

រដ្ឋាភិបាលវិមានក្រឹមឡាំង បាននិយាយនៅមុនដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ថា “ចំណុចសំខាន់” នឹងជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ ៥.០០០លានដុល្លារ សំរាប់ប្រគល់ប្រព័ន្ធការពារអាកាសទំនើបចុងក្រោយធុន S-400 ទៅអោយឥណ្ឌា ទោះជាអាមេរិកព្រមានដាក់ទណ្ឌកម្មលើប្រទេស ដែលទិញគ្រឿងសព្វាវុធពីរុស្ស៊ីក្តី។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កំពុងសម្លឹងរកកិច្ចព្រមព្រៀងលក់ប្រព័ន្ធការពារអាកាសធុន S-400 ទៅអោយឥណ្ឌា។ ឥណ្ឌានឹងស្នើសុំអាមេរិកអោយលើកលែងទណ្ឌកម្ម ចំពោះការទិញនេះ តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអោយសញ្ញាថា នឹងមិនមានការធានាថា ខ្លួននឹងទទួលយកសំណើនេះទេ។

អាមេរិកកំពុងស្ថិតក្នុងស្ថានភាពលំបាកមួយ ខណៈខ្លួនព្យាយាមទប់ឥទ្ធិពលចិន តាមរយៈស្ថាបនាទំនាក់ទំនងជាមួយឥណ្ឌា។ ទាំងអាមេរិកនិងឥណ្ឌាបានប្រកាសផែនការធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០១៩ និងបានព្រមព្រៀងចែករំលែកព័ត៌មានយោធារវាងគ្នាផងដែរ។ តែរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏សំខាន់សំរាប់ឥណ្ឌា ហើយកិច្ចព្រមព្រៀងថ្មីៗជាមួយយក្សអាស៊ីមួយនេះ នឹងជាជោគជ័យសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ និងក៏ជាការទះកំផ្លៀងអាមេរិកផងដែរ។

ពូទីននិងលោកម៉ូឌូ ក៏ទំនងជានឹងពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ សំរាប់ទិញនាវាហ្វ្រីហ្កាតធុន Krivak ចំនួន៤​គ្រឿង ​តំលៃ២.០០០លានដុល្លារ និងឧទ្ធម្ភាគចក្រ Ka-226 ចំនួន២០០គ្រឿង តំលៃ១.០០០លានដុល្លារ។

ឥណ្ឌានិងរុស្ស៊ីទើបសំរេចកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល សំរាប់ឧទ្ធម្ភាគចក្រទាំងនេះ ដោយ៦០គ្រឿងផលិតនៅរុស្ស៊ី និងសល់ពីនេះធ្វើនៅឥណ្ឌា។

ពួកអ្នកជំនាញការនិយាយថា ឥណ្ឌាត្រូវការប្រព័ន្ធការពារអាកាសទំនើបS-400នេះ ដើម្បីបំពេញគម្លាតសមត្ថភាព​យោធារបស់ខ្លួន ខណៈកម្លាំងនិងបច្ចេកវិទ្យាយោធាចិនកាន់តែខ្លាំងឡើង និងក៏មានការគំរាមមកពីខាងប៉ាគីស្ថាន។

មេដឹកនាំរុស្ស៊ីនិងឥណ្ឌា ក៏គ្រោងនឹងពិភាក្សាលទ្ធភាពសង់រោងចក្រថាមពលនុយគ្លេអ៊ែរទី២ សង់ដោយរុស្ស៊ី នៅក្នុងប្រទេសឥណ្ឌា និងការហ្វឹកហាត់អវកាសយានិកឥណ្ឌា ដែលមានបំណងបញ្ជូនបេសកកម្មអវកាសមានមនុស្សទៅជាមួយជាលើកដំបូងនាឆ្នាំ២០២២៕ ប្រភព៖ Rasmeinews

error: Content is protected !!