Real Madrid ចង់បានកីឡាករគោលដៅរបស់ Liverpool ដែលមានតម្លៃខ្លួន ៦០លានអឺរ៉ូ

កីឡាករ Nabil Fekir កំពុងតែស្ថិតនៅក្នុងគោលដៅរបស់ក្រុម Real Madrid បន្ទាប់ពីក្រុម Liverpool ធ្វើការផ្ទេរមិនបានសម្រេចកាលពីរដូវក្ដៅនេះ។

កីឡាកររបស់ក្រុម Lyon រូបនេះកំពុងតែមានទម្រង់លេងកាន់តែល្អនៅក្នុងរដូវកាលនេះ ពោលគឺមានការបង្ហាញស្នាដៃនៅពេលលេងជាមួយក្រុម Manchester City នៅពាន Champions League។ ហើយពេលនេះ ហាក់បីដូចជាក្រុមហង្សក្រហម កំពុងតែមានគូប្រកួតប្រជែងដ៏ខ្លាំងខ្លាមួយទៀតហើយ ក្នុងការដណ្ដើមកីឡាករសញ្ជាតិបារាំងនេះ។

កាសែត L’Equipe បានផ្សាយថា ក្រុមអធិរាជស កំពុងតែតាមដានកីឡាករ Fekir យ៉ាងយកចិត្តទុកដាក់ ហើយពួកគេអាចនឹងធ្វើការផ្ទេរនៅខែមករា ខាងមុខទៀតផង។ ក្រុម Liverpool ធ្លាប់បានយល់ព្រមលើតម្លៃខ្លួន ៦០លានអឺរ៉ូ ជាមួយក្រុម Lyon ហើយ ប៉ុន្តែក្រោយមកអ្វីៗត្រូវបានប្រែប្រួលវិញទាំងស្រុង។ កីឡាករវ័យ២៥ឆ្នាំរូបនេះ សំបូរទីផ្សារខ្លាំងណាស់ ដោយសារគេមានទម្រង់លេងកាន់តែល្អដើម្បីទាក់ទាញក្លឹបធំៗស្រាប់។

បន្ទាប់ពីបរាជ័យក្នុងការទិញយក Neymar, Kylian Mbappe and Eden Hazard លោក Florentino Perez អាចនឹងសម្លឹងឃើញកីឡាករ Fekir ជាគន្លឹះសំខាន់ក្នុងការជួយក្រុមរបស់លោក Julen Lopetegui នៅពេលនេះ៕

ប្រភព៖ 9sportpro

error: Content is protected !!