ក្រសួងពាណិជ្ជកម្ម: តម្លៃលក់ប្រេងឥន្ធនៈកើនឡើង១០០រៀលក្នុងមួយលីត្រ

ភ្នំពេញ: តាមកត់សម្គាល់តម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយនានា ក្នុងរាជធានីភ្នំពេញបានកើនថ្លៃ ១០០រៀលក្នុងមួយលីត្រ នេះប្រៀបធៀបរយៈពេល១៥ថ្ងៃដូចគ្នាកន្លងទៅ សម្រាប់តម្លៃលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨បានឲ្យដឹងថា តម្លៃលក់ប្រេងឥន្ធនៈ ដែលកំណត់ដោយអន្តរក្រសួងរយៈពេល១៥ថ្ងៃម្តង គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ក្រសួងកំណត់ឲ្យលក់សម្រាប់ប្រេងសំាងធម្មតាថ្លៃ៤.១៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតថ្លៃ៤.០០០រៀលក្នុងមួយលីត្រ។ ដោយឡែក ធៀបនឹង១៥ថ្ងៃកន្លងទៅ (ថ្ងៃទី០១ ដល់១៥ ខែកញ្ញា) តម្លៃប្រេងសាំងធម្មតាមួយលីត្រថ្លៃ៤.០៥០រៀល និងប្រេងម៉ាស៊ូតមួយលីត្រថ្លៃ តែ៣.៩០០រៀល។

ប្រភពខាងលើបានបន្តថា ការកំណត់តម្លៃប្រេងនេះ គឺធ្វើឡើងតាមការឡើងចុះតាមទីផ្សារអន្តរជាតិ ដោយតម្រូវឲ្យស្ថានីយ ក៏ដូចជាដេប៉ូលក់ប្រេងសាំងធម្មតាលក់ទៅតាមការកំណត់របស់ក្រសួង មិនអនុញ្ញាតឲ្យលក់លើសពីតម្លៃដែលបានកំណត់នោះឡើយ លើកលែងតែតម្លៃសាំងស៊ុបពែរ គឺឡើងចុះតាមទីផ្សារអន្តរជាតិ។

សេចក្តីជូនដំណឹងដដែលនេះ លើកឡើងថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារខាងលើប៉ុណ្ណោះ។ សម្រាប់តម្លៃលក់ប្រេងសាំងស៊ុបពែរ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញាក្នុងមួយលីត្រថ្លៃរហូតដល់៤.៥០០រៀលឯណោះ៕

error: Content is protected !!