ដោយសារតែមូលហេតុមួយនេះ… បានធ្វើឲ្យលោក សៅ សុខា ​ប្រគល់​ភារកិច្ច​ជូនលោក ហ៊ុន ម៉ា​ណែ​ត​

ភ្នំពេញ​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ បានប្រគល់​ភារកិច្ច​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ នាយ​ស្តីទី​សេនាធិការ​ចម្រុះ ដើម្បី​ដឹកនាំ បញ្ជា និង​ដោះស្រាយ​រាល់​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គបញ្ជាការ​ដ្ឋា​ន​។ នេះ​បើតាម​លិខិត​ប្រគល់​ភារកិច្ច​ចុះហត្ថលេខា​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨​។​

​នៅក្នុង​លិខិត​ប្រគល់​ភារកិច្ច​បានបញ្ជាក់​ថា ការប្រគល់​ភារកិច្ច​ខាងលើនេះ គឺ​ដោយសារតែ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ត្រូវ​អវត្តមាន​ពី​ការងារ ដោយ​លោក​ទទួលបាន​ច្បាប់ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​។ “​ខ្ញុំ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​អនុញ្ញាត​ច្បាប់​សម្រាក​ពី​ការងារ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ទៅពិនិត្យ​សុខភាព​នៅ​សឹង្ហ​បុរី​។ ក្នុងអំឡុងពេល​អវត្តមាន​របស់ខ្ញុំ ខ្ញុំ​សូម​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នាយ​ស្តីទី​សេនាធិការ​ចម្រុះ ដើម្បី​ដឹកនាំ​បញ្ជា និង​ដោះស្រាយ​រាល់​ការងារ​ប្រចាំ​របស់​អគ្គបញ្ជាការដ្ឋាន​”៕

error: Content is protected !!