លោក Mourinho ថា Pogba គឺជាបិសាច

លោក Jose Mourinho បានដាក់ឈ្មោះក្រៅឲ្យកីឡាករប្រធានក្រុម Pogba ថាជាបិសាច បន្ទាប់ពីគេបានដឹកនាំ និងបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Manchester United ពេលប្រកួតទល់នឹងក្រុម Leicester City ក្នុងការប្រកួតលើកដំបូងនៅពាន Premier League ក្រោយពេលត្រឡប់មកហ្វឹកហាត់ បានតែ៤ថ្ងៃប៉ុណ្ណោះ។

Pogba ក៏បានរួមចំណែកក្នុងការជួយក្រុមបារាំង ឲ្យឈ្នះពាន World Cup ផងដែរ ដោយសារហេតុនេះហើយ ទើបក្លឹបអនុញ្ញាតឲ្យគេឈប់សម្រាក ដោយមិនបានឲ្យមកចូលរួមប្រកួតមិត្តភាព មុនបើករដូវកាល។ ក្នុងការប្រកួតដែលគេធ្វើជាប្រធានក្រុមនោះ គេបានរកគ្រាប់បាល់១គ្រាប់ឲ្យ Man Utd ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៣ ប៉ុន្តែការដែលលោក Mourinho ប្រដូចកីឡាករខ្សែបម្រើនេះទៅនឹងបិសាច ព្រោះគេអាចលេងរហូតដល់ទៅ៨០នាទី។

លោក Mourinho បាននិយាយថា “ជាការពិតណាស់ ដោយសារពួកគេធ្វើបានជោគជ័យ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កីឡាករទាំងអស់ពិតជាមានភាពជឿជាក់ជាងមុន។ Shaw, Andreas Pereira, Eric Bailly, Matteo Darmian លេង៩០នាទីពេញដោយគ្មានបញ្ហា។”

លោកបន្តថា “Rashford មានបញ្ហាបន្តិចបន្តួច ប៉ុន្តែគេចូលលេងជាធម្មតា។ Pogba គឺជាបិសាចសុទ្ធសាធ។ យើងគិតថា គេលេងបានតែ ៦០នាទីប៉ុណ្ណោះ ប៉ុន្តែគេអាចលេងរហូតដល់ទៅ ៨០នាទីឯណោះ។ ហើយ Romelu Lukaku និង Marouane Fellaini ក៏បានព្យាយាមជួយក្រុមដែរ។ ខ្ញុំសប្បាយចិត្តណាស់ ពួកយើងលេងបានយ៉ាងល្អ៕”

ប្រភព៖ Goal

error: Content is protected !!