រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់

ប្រសូត​មុន​កំណត់​របស់​ស្ត្រី ​មានគភ៌​អាច​កើតឡើង​បាន​តាមច្រើន​មូលហេតុ តើ​ត្រូវ​ទប់ទល់​យ៉ាងណា ដើម្បីឱ្យ​កូនតូច​មាន​សុខភាព​រាងកាយ​រឹងមាំ? ថ្ងៃនេះ យើងមានចំណេះដឹង​ក្នុងការ​ត្រៀមខ្លួន និង​មើលថែទាំ​នៅពេល​កូន​ប្រសូត​ចេញមក​មុន​កំណត់ ហើយ​តើ​មានរឿង​ណា​ដែល​ត្រូវ​ប្រយ័ត្នប្រយែង ​ជាពិសេស​ដែរឬទេ​នោះ យើង​នាំគ្នា​តាមដាន​ជា​បន្ត​ទាំងអស់គ្នា។

ទារក​តូច ​ដែល​បើកភ្នែក​មើល​ពិភពលោក​មុន​អាយុ​គភ៌​គ្រប់ 37សប្តាហ៍ អាច​ហៅ​បាន​ថា ជា​ទារក​ដែល​ប្រសូត​មុន​កំណត់ និង​ចាំបាច់​ត្រូវ​ទទួល​បានការ​មើលថែ​ទាំ​ជាពិសេស​យ៉ាង​ដិតដល់ ដោយសារតែ​សួត និង​អវយវៈផ្សេងៗក្នុង​រាងកាយ​នៅ​មិនទាន់​វិ​វ​ឌ្ឍ​បានល្អ​ឥតខ្ចោះ​នៅឡើយ ធ្វើឱ្យ​ត្រូវ​ស្ថិតក្នុង​ការមើល​ថែទាំរ​បស់​គ្រូពេទ្យ រហូត​ទាល់តែ​គ្រូពេទ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ទារក​ត្រៀមខ្លួន​រួចរាល់​ហើយ ​ក្នុង​ការចេញ​ឆ្ពោះទៅរក​ពិភព​ខាងក្រៅ​យ៉ាង​មាន​សុវត្ថិភាព។

ចំណុច​គួរ​ប្រយ័ត្ន!!

ទារក​ប្រសូត​មុន​កំណត់ ពេល​ត្រឡប់មក​ដល់ផ្ទះ​ហើយ​នោះ បើ​មាន​អាការ​ក្តៅខ្លួន គ្រុន ខ្លួន​ឡើង​លឿង ភ្នែក​ឡើង​លឿង បៅ​ទឹកដោះ​បាន​តិច ឬ​មិន​បៅ​សោះ​នោះ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ កុំ​បង្អង់​យូរ។

NICU ពេល​ទារក​តូច​ត្រូវ​នៅក្នុង​ទូ​ចិញ្ចឹម

NICU (Neonatal Intensive Care Unit) ឬ​បន្ទប់​មើលថែទាំ​ទារក​ទើបនឹង​កើត ជា​កន្លែង​ដែល​ឪពុកម្តាយ​របស់​ទារក​កើតមុន​កំណត់​ត្រូវតែ​ស្គាល់ ព្រោះ​ក្នុងអំឡុងពេលដំបូងៗរបស់​ជីវិត​កូន​សម្លាញ់​នឹងត្រូវ​ស្ថិតនៅក្នុង​បន្ទប់​នេះ អាច​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​អាស្រ័យ​លើ​អាយុ​គភ៌​របស់​ទារ​កខ​ណៈ​ពេល​ប្រសូត និង​សភាវ​ជ្រៀតជ្រែកផ្សេង។ ជាទូទៅ​ទារក​នឹង​ស្ថិតនៅក្នុង​ទូ​ចិញ្ចឹម​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ និង​ការពារ​មេរោគ ហើយ​ថែមទាំង​មាន​ឧបករណ៍​ពេទ្យ​រយីងរយោង​មើលទៅ​ឃើញ​គួរឱ្យ​ភ័យខ្លាច​ទៀតផង តែ​កុំ​បារម្ភ​អី ព្រោះ​ឧបករណ៍​ទាំងនេះ​មាន​តួនាទី​ជួយ​មើលថែទាំ​ឱ្យ​កូនតូច​មាន​សុវត្ថិភាព ព្រោះ​ទារក​ដែល​ប្រសូត​មុន​កំណត់​ច្រើន​តែមាន​ទម្ងន់​ខ្លួន​តិច ទើប​ពេទ្យ​ចាំបាច់​ត្រូវតែ​មើលថែទាំ​យ៉ាង​ដិតដល់ រហូត​ទាល់តែ​កូនតូច​មាន​ទម្ងន់​ខ្លួន​ជាង 2គីឡូក្រាម​ឡើងទៅ ឬ​អវយវៈផ្សេងៗក្នុង​រាងកាយ​របស់​កូន​អភិវឌ្ឍ​រហូត​អាច​រស់នៅ​ដោយ​ខ្លួនឯងបាន ដោយ​មិនចាំបាច់​ប្រើ​ទូ​ចិញ្ចឹម និង​មិនមាន​សភាវ​រោគ​ជ្រៀតជ្រែក ទើប​គ្រូពេទ្យ​អនុញ្ញាតិ​ឱ្យ​កូនតូច​ត្រឡប់ទៅផ្ទះ​បាន។

តើ​ត្រូវ​មើលថែទាំ​យ៉ាងណា ពេល​នាំ​កូន​ត្រឡប់មកផ្ទះ​ហើយ?

ការ​បាន​នាំ​កូន​សម្លាញ់​ត្រឡប់មកផ្ទះ គឺជា​ពេលវេលា​ដែល​ឪពុកម្តាយ​ទន្ទឹងរង់ចាំ ទោះជា​គ្រូពេទ្យ​ប្រាប់ថា កូន​សម្លាញ់​រឹងប៉ឹង​អាច​ត្រឡប់ទៅផ្ទះ​បាន​ហើយ​ក៏ដោយ តែ​ការមើល​ថែទាំ​ទារក​ប្រសូត​មុន​កំណត់ ​ក៏​នៅតែ​ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង​ជាពិសេស​ខ្លាំង​ជាង​ទារក​ដែល​ប្រសូត​តាម​កំណត់​ដដែល ព្រោះ​កូនតូច​មានឱកាស​ក្នុង​ការឆ្លង​មេរោគផ្សេងៗបាន​យ៉ាង​ងាយ ដោយសារតែ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​នៅ​មិនទាន់​រឹងមាំ​ល្អ។

  • កំណត់​បរិមាណ​អ្នក​មក​សួរសុខទុក្ខ ៖ អ្នកណាៗក៏​ចង់ឃើញ​សមាជិក​តូច​ថ្មី​របស់​ក្រុមគ្រួសារ​ដែរ តែ​បើសិនជា​អាចទៅរួច​ក្នុងអំឡុង 3ខែ​ដំបូង អ្នក​ម្តាយ​គួរតែ​កំណត់​បរិមាណ​អ្នក ​ដែល​នឹង​មក​សួរសុខទុក្ខ​ចំពោះតែ​សាច់ញាតិ និង​មិត្តភក្តិ​ជិតដិត​មែនទែន​បាន​ហើយ សម្រាប់​អ្នកមាន​ជំងឺ ឬ​មាន​រោគ​ប្រចាំកាយ គួរតែ​សុំឱ្យ​តម​ការ​មក​សួរសុខទុក្ខ​សិន ដើម្បីឱ្យ​អ្នក​ម្តាយ និង​កូន​បាន​សម្រាក​យ៉ាង​គ្រប់គ្រាន់ រួមទាំង​ការពារ​ភាព​ប្រថុយប្រថាន​ក្នុងការ​ឆ្លង​រោគផ្សេងៗទៀតផង។ អ្នក​អាច​ជូនដំណឹង​ទៅ​មិត្តភក្តិ​ឱ្យបាន​ដឹងថា កូន​ប្រសូត​មុន​កំណត់​នៅ​មិនទាន់​រឹងប៉ឹង​ល្អ​ទេ សុំ​ពេលវេលា​បន្តិចទៀត មិនយូរ​ទេ​គ្រប់គ្នា​នឹង​បានឃើញ​មុខ​ក្មួយ​សម្លាញ់​យ៉ាងពិត​ប្រាកដ។
  • ចៀសវាង​ការនាំ​កូន​ទៅ​ទីសាធារណៈ ៖ បើ​មិនចាំបាច់​មែនទែន​ទេនោះ មិនគួរ​នាំ​កូនតូច​ចេញទៅ​ខាងក្រៅ​ផ្ទះ​ឡើយ បើ​ត្រូវ​ទៅ​ជួប​លោកគ្រូ​ពេទ្យ គួរតែ​ណាត់​នៅពេល​ព្រឹក និង​មុនគេ ដើម្បី​មិនចាំបាច់​រងចាំ​នៅក្នុង​មន្ទីរពេទ្យ​យូរ​ជ្រុល​ពេក។
  • ការប៉ះពាល់​ស្បែក​នឹង​ស្បែក ៖ មានការ​ស្រាវជ្រាវ​មួយ​ដែល​រកឃើញថា ការ​បីកូន​តូច​បែប​សត្វ​កង់​ហ្គា​រូ (Kangaroo Care) ដោយ​បី​ទារក​ដែល​ស្លៀក​តែ​ក្រណាត់​កន្ទប​មួយ ដាក់​ផ្អឹប​នៅលើ​ដើមទ្រូង​របស់​ឪពុក ឬ​ម្តាយ ឱ្យ​ស្បែក​របស់​កូន​បាន​ប៉ះ​ជាមួយ​ស្បែក​របស់​ឪពុកម្តាយ​នោះ នឹង​ជួយ​ជំរុញ​វិវឌ្ឍនាការ និង​សុខភាព​ជារួម​របស់​ទា​រក ហើយ​អាច​សាង​សម្ពន្ធភាព​រវាង​ឪពុក​ម្តាយកូន​បាន​ទៀតផង។
  • សភាព​បរិស្ថាន និង​ភាព​ស្អាត​មាន​អនាម័យ ៖ ខ្យល់អាកាស​ក្នុងផ្ទះ​គួរតែមាន​ចេញ​មាន​ចូល មិន​ហប់​អាប់ គួរ​បោស​សម្អាតផ្ទះ​ឱ្យបាន​ស្អាត​ជាស្រេច​មុននឹង​នាំ​កូន​ត្រឡប់មកផ្ទះ។ បើ​មាន​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ ក្នុងអំឡុងពេល​ដំបូង​នេះ​គួរតែ​បំបែក​ឱ្យនៅ​ឆ្ងាយ​ដោយឡែក​ពី​ទារក សម្រួល​សីតុណ្ហភាព​ក្នុងផ្ទះ​កុំឱ្យ​ក្តៅ ឬ​ត្រជាក់​ជ្រុល​ពេក មិនគួរ​បើក​កង្ហារ​ដាក់​ចំ​ខ្លួន​កូន ឬ​បើ​បើក​ម៉ាស៊ីនត្រជាក់ ក៏​គួរ​កំណត់​សីតុណ្ហភាព​ឱ្យទាប​ជាង​ខាងក្រៅ​បន្ទប់​ប្រមាណ 4-5អង្សា​បាន​ហើយ តែ​មិនគួរ​ឱ្យទាប​ជាង 25អង្សា​នោះទេ ហើយ​មិន​គួរឱ្យ​កូន​នៅតែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​រហូត​នោះទេ នៅពេល​ព្រឹក​អាច​បើក​បង្អួច​ឱ្យ​ខ្យល់អាកាស​ចេញចូល​ខ្លះ​ផង។
  • ព្យាយាម​ឱ្យ​កូនបៅ​ទឹកដោះ​ម្តាយ ៖ ទឹកដោះ​ម្តាយ​មានគុណ​សម្បត្តិ​ជួយ​ឱ្យ​ទារក​កើតមុន​កំណត់​កាន់តែ​ឆាប់​រឹងប៉ឹង​ឡើង បើ​កូន​នៅ​មិនទាន់​ចេះ​បៅ ចូរ​អ្នក​ម្តាយ​ច្របាច់​ទឹកដោះ​ចេញមក ហើយ​យក​ទឹកដោះ​នោះមក​បន្ត​ក់លើ​មាត់​របស់​កូន​ខណៈដែល​កូន​កំពុង​បៀម​ក្បាលដោះ​ម្តាយ ទឹកដោះ​នោះ​នឹង​ជ្រាបចូល​ទៅក្នុង​មាត់ កូន នឹង​បាន​ហាត់រៀន​បៅ​បឺត​ជញ្ជក់​ទឹកដោះ​ម្តាយ ហើយ​បន្ទាប់ពីនោះ​ប្រមាណ​ជា 2អាទិត្យ កូន​នឹង​ចេះ​បៅដោះ​ម្តាយ​កាន់តែ​ពូកែ​ឡើង​មិន​ខាន៕

 

ប្រភព៖​ ទំនើប – Tomnerb

Related Post

ប្រុសៗគួរយល់ដឹង៖​សុខភាពផ្លូវចិត្តមនុស្សស្រី ពេលមានរដូវ... មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេលខ្លះ គេដឹងតែគេមិនអើពើ មិនយកចិត្តទុកដាក់ឡើយ ដូច្នេះស្ត្រីត្រូវចេះថែផ្លូវចិត្តដោយខ្លួនឯង។ សូមសាកល្បងវិធីខ...
«រឿងមន្តស្នេហ៍» តែចង់បានខ្លួននារីដែលខ្លួនស្រលាញ់លួចដាក់ថ្នាំក្នុងកែវស្រា ចុងក្រោយ…... នាថ្ងៃឈប់សំរាកការងារប្រចាំឆ្នាំមួយមានបុរសម្នាក់ឈ្មោះចន គាត់បានទទួលការសំរាកលំហែពីក្រុមហ៊ុនដែលគាត់បានធ្វើការទៅកាន់កោះហាវ៉ៃ។ នៅពេលដែលគាត់បានមកដល់សណ្ឋាគារដែលកក់រួចមកគសត់ពិតជាពេញចិត្តកន្លែងនោះណាស់ អាកាសធាតុបរិសុទ្ធ ឆ្នេរខ្សាច់សក្បុសជាពិសេសស្រីៗស្អាតៗ។ ...
ដឹងទេ!!! ទទួលទាន​ទឹកដូងក្នុងអំឡុងពេល​មានគភ៌ ធ្វើអោយកូនស្អាត​តាំងពីនៅក្នុងពោះ... ការ​ទទួលទាន​ទឹកដូង​រាល់ថ្ងៃ គឺជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់នារីៗយើង ព្រោះ​នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក​របស់​អ្នក​ស្អាត មាន​សុខ​ភាពល្អ ចុះបើ​ស្ត្រី​មានគភ៌​វិញ តើ​នៅតែ​អាច​ទទួលទាន​ទឹកដូង​ទៀត​បាន​ដែរឬទេ? ថ្ងៃនេះ​យើង​មាន​ចម្លើយ​អំពី​រឿងនេះ​មក​ជម្រាបជូន​ដូចខា...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
យ៉ូហ្កាសប្បាយៗ ៥ក្បាច់ អាចជួយឲ្យកូនតូចៗរបស់អ្នកគេងលក់ស្កប់ស្កល់... កូនតូចរបស់អ្នកដែលទើបនឹងចូលសាលាមត្តេយ្យ តែងតែមានកម្លាំងកំហែងរត់លេង ជាពិសេសពេលយប់ គេមិនងាយងងុយទេ។ ដើមី្បជួយសម្រួលដល់ការលំបាករបស់ម្តាយគ្រប់រូប ទំនើបសូមណែនាំនូវវិធីហាត់ប្រាណក្បាច់យ៉ូហ្កាបែបសប្បាយៗ ដែលអ្នកអាចឲ្យកូនរបស់អ្នកហាត់រៀងរាល់យប់៖ ១. ក្បាច់មេ...
error: Content is protected !!