Kompany បាននិយាយថា Hart អាចជួយដល់ក្រុម Burnley ច្រើន

Vincent Kompany បាននិយាយការពារ Joe Hart ថាគេអាចជួយក្រុម Burnley ក្នុងការប្រកួតនៅ Premier League ដោយគាត់បាននិយាយថា អតីតអ្នកចាំទីរបស់ក្រុម Manchester City រូបនេះ គឺជាអ្នកដែលមានជ័យជំនះ ហើយគេមានឥទ្ធិពលផ្ទាល់ខ្លួនជាច្រើន។

Hart បានធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ៥គ្រាប់ នៅពេលក្រុម Burnley ត្រូវបានក្រុមរបស់ Kompany បានលត់នៅក្នុងកីឡាដ្ឋាន Etihad Stadium កាលពីថ្ងៃសៅរ៏ ដោយកីឡាករ Sergio Aguero, Bernardo Silva, Fernandinho, Riyad Mahrez និង Leroy Sane បានស៊ុតម្នាក់១គ្រាប់ មិនឲ្យគូប្រកួតតដៃបានវិញឡើយ។

ការចាញ់នេះបានធ្វើឲ្យក្រុមរបស់លោក Sean Dyche ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ពី៩ប្រកួតនៅដើមរដូវកាល Premier League នេះ ដោយពួកគេបានធ្លាក់ទៅដល់លេង១៣ក្នុងតារាង និងមាន៣ពិន្ទុពីលើតំបន់កាត់ជម្រុះចេញ។

ទោះបីជាពួកគេមានបញ្ហាក្ដីក៏ Kompany បានមើលឃើញចំណុចល្អរបស់ Hart ជាធំ។ Kompany បាននិយាយប្រាប់អ្នកសារព័ត៌មានថា “អ្នកធ្លាប់បានឃើញទេពកោសល្យរបស់គេរួចហើយ ពេលដែលគេនៅជាកីឡាករសំខាន់ម្នាក់។ ខ្ញុំចង់ឲ្យគាត់ធ្វើឲ្យបានល្អ ហើយមើលទៅគាត់ដូចជាសប្បាយចិត្តណាស់ ហើយនោះគឺជាចំណុចសំខាន់។ អ្នកបានឃើញសមត្ថភាពក្នុងការការពារសំណាញ់ទីរបស់គាត់ហើយ គាត់គឺជាឈាមអ្នកដែលចង់ឈ្នះ គាត់តែងតែមានឥទ្ធិពល។”

Hart និង Kompany ធ្លាប់ឈ្នះពាន Premier League ២ដង ពាន EFL Cups ២ដង និងពាន FA Cup ម្ដង កាលពួកគេលេងនៅក្រុម Manchester City ជាមួយគ្នា មុននឹងលោក Pep Guardiola បានមកដល់ ហើយបានផ្លាស់ប្ដូរក្រុមជាច្រើន៕

ប្រភព៖ sportskeeda

error: Content is protected !!