Ribery របួសធ្វើឲ្យគេខកខានក្នុងការប្រកួតជាមួយក្រុម AEK

កីឡាករ Franck Ribery មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Bayern Munich ដែលត្រូវទៅចូលរួមការប្រកួតជាមួយក្រុម AEK Athens នៅពាន Champions League ឡើយដោយសារគេមានរបួសខ្នង។

កីឡាករវ័យ៣៥ឆ្នាំរូបនេះ បានចូលលេងការប្រកួត Bundesliga ចំនួន៤ប្រកួតក្នុងរដូវកាលនេះ ហើយគេក៏បានចូលប្រកួតឲ្យក្រុម Bayern នៅពាន Champions League ទល់នឹងក្រុម Ajax ផងដែរ ដែលការប្រកួតត្រូវបានបញ្ចប់ទៅក្នុងលទ្ទផលស្មើគ្នា 1-1។

ដោយសាររបួសខ្នងនេះបានធ្វើឲ្យគេខកខានក្នុងការធ្វើដំណើរទៅកាន់ប្រទេសក្រិចជាមួយក្រុម ហើយមានន័យថាលោក Niko Kovac ត្រូវតែដាក់សេចក្ដីទុកចិត្តរបស់លោកលើកីឡាករ Arjen Robben និង Serge Gnabry ឲ្យលេងនៅខ្សែស្លាប ខណៈដែលកាលពីប្រកួតមុន Bayen បានយកឈ្នះ 3-1 លើក្រុម Wolfsburg កាលពីថ្ងៃសៅរ៍។

ការឈ្នះនោះគឺជាលើកទី១ហើយក្នុង៥ប្រកួតរបស់ Bayern នៅគ្រប់កម្មវិធីប្រកួត ហើយ២គ្រាប់រកបានដោយកីឡាករ Robert Lewandowski ហើយ១គ្រាប់ពី James Rodriguez។ ទាំងកីឡាករ Lewandowski និង James សុទ្ធតែមានឈ្មោះក្នុងការធ្វើដំណើរទៅកាន់ទីក្រុងអាតែន ដើម្បីជួបជាមួយក្រុម AEK ដែលបានប្រកួតចាញ់ក្រុម Benfica 3-2 កាលពីការប្រកួតសន្សំពិន្ទុក្នុងពូល E កាលពីលើកមុន៕

ប្រភព៖ sportskeeda

error: Content is protected !!