Real Madrid កំពុងពិចារណាក្នុងការទិញយក Ibrahimovic យ៉ាងភ្ញាក់ផ្អើលបំផុត

ក្រុម Real Madrid ត្រូវបានគេរាយការណ៏នៅក្នុងប្រទេសអេស្ប៉ាញថា កំពុងពិចារណាក្នុងការទិញយក Zlatan Ibrahimovic យ៉ាងភ្ញាក់ផ្អើលបំផុតសម្រាប់ខែមករានេះ ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Cristiano Ronaldo។

ក្រុមអធិរាជសបានជួបប្រទះ នឹងបញ្ហាជាច្រើនបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធព័រទុយកាល់រូបនោះ បានចាកចេញទៅកាន់ Juventus ដោយធ្វើការប្រកួត៥លើក ទាំងគ្មានលទ្ធផលគាប់ប្រសើរឡើយ ក្រោមការដឹកនាំរបស់លោក Julen Lopetegui។

ពួកគេក៏បានប្រកួតចាញ់ក្រុម Levante នៅក្នុងទឹកដីខ្លួនឯងផងដែរ កាលពីថ្ងៃសៅរ៍ ហើយពួកគេមានកំណត់ត្រាមិនអាចរកគ្រាប់បាល់បានយូរបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹប។ ហើយឥឡូវនេះកាសែត Cadena COPE បានផ្សាយថា ក្លឹបអាចនឹងនាំយកកីឡាករ Ibrahimovic ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់មួយរយៈពេលខ្លីខណៈដែលលីគ MLS កំពុងសម្រាក ដើម្បីឲ្យគេមកជួយដោះស្រាយបញ្ហាមិនអាចស៊ុតបញ្ចូលទីរបស់ក្លឹបនេះ។

កីឡាករសញ្ជាតិស៊ុយអ៊ែតរូបនេះ នៅតែអាចមានសមត្ថភាពរកគ្រាប់បាល់ដដែលសម្រាប់ក្រុម LA Galaxy ដោយគេបានតែតបញ្ចូលទីក្នុងការប្រកួតទល់នឹងក្រុម Minnesota United កាលពីថ្ងៃអាទិត្យ ហើយរហូតមកដល់ពេលនេះ គេបានស៊ុតបញ្ចូលទី២២គ្រាប់ ក្នុងការបង្ហាញខ្លួន២៦ប្រកួត ក្នុងរដូវកាលនេះ ហើយបានជួយក្លឹបឲ្យធានាការប្រកួតនៅវគ្គជម្រុះទៀតផង។

ក្លឹបចាស់ៗរបស់ Ibrahimovic ដូចជា Manchester United និង AC Milan ក៏ត្រូវបានគេរាយការណ៍ថា ចង់ទំនាក់ទំនងគេឲ្យទៅកាន់ក្លឹបទាំងនោះវិញផងដែរ ប៉ុន្តែសម្រាប់កីឡាករវ័យ៣៧ឆ្នាំនេះ ប្រហែលជាពិបាកក្នុងការបញ្ចុះបញ្ចូលគាត់ណាស់៕

ប្រភព៖ 9sportpro

error: Content is protected !!