កំពូល​រថយន្ត​ជប៉ុន​អាច​ស្ទុះ​ពី​០-១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​មិន​ដល់​២​វិនាទី តែតម្លៃ​ជាង​៤​លាន​ដុល្លារ​

ការបញ្ជាទិញ​ជាមុន​បានចាប់ផ្តើម​សម្រាប់​ម៉ូ​ដែល​ដំបូង​ នៃ​រថយន្ត​អគ្គិសនី​តម្លៃ ៤,០៤ លាន​ដុល្លារ ដែល​ក្រុមហ៊ុន​ផលិត​អះអាងថា​អាច​ស្ទុះ​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​មិន​ដល់​២​វិនាទី​។​

​រថយន្ត​អនាគត Aspark Owl ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន Aspark កំពុង​ដាក់តាំង​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត​ទីក្រុង​ប៉ារីស​នៅ​សប្តាហ៍​នេះ​។​

​នៅ​ពិធី​ដាក់តាំង​បង្ហាញ អ្នក​ផលិត​រថយន្ត​នេះ​បាន​និយាយថា វា​មាន​កម្លាំង ៤៣០ សេះ មាន​ទម្ងន់ ៨៦០ គីឡូក្រាម ប្រហាក់ប្រហែល​ទៅនឹង​ទម្ងន់​គោ​ចិញ្ចឹម​យក​ទឹកដោះ​មួយ​ក្បាល និង​អាច​បង្កើន​សន្ទុះ​ល្បឿន​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើពេល​មិន​ដល់ ២ វិនាទី​។​

អតិថិជន​អាច​កក់​លុយ​ជាមុន​ចំនួន ១,១៦ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ពិព័រណ៍​រថយន្ត​ទីក្រុង​ប៉ារីស​ផ្ទាល់​តែម្តង​ ដើម្បី​ទិញយក​រថយន្ត​នេះ​។​

ក្រុមហ៊ុន Aspark និយាយថា ខ្លួន​មាន​គម្រោង​ផលិត​រថយន្ត Aspark Owl តែ ៥០ គ្រឿង​ប៉ុណ្ណោះ ហើយ​អតិថិជន​ត្រូវតែមាន​លុយ​ជាង ៤,០៤ លាន​ដុល្លារ​ទើប​អាច​ទិញ​រថយន្ត​ដ៏​ថ្លៃ​នេះ​បាន​។​

​ក្រុមហ៊ុន​និយាយថា រថយន្ត​កៅអី​២​នេះ​នឹងត្រូវ​ដឹក​ដល់ដៃ​អតិថិជន​ដំបូង​ក្នុង​ឆ្នាំ ២០២០ ខាងមុខ​៕

error: Content is protected !!