Fan Bing Bing ត្រូវពិន័យ៧០លានដុល្លារ ដោយសារគេចពន្ធ
ចិនបានបញ្ជាសិល្បការិនី ហ្វាន ពីងពីង (Fan Bing Bing) បង់ពន្ធបូកទាំងប្រាក់ពិន័យសរុបរាប់រយលានយ័ន ដោយសារគេវេះពន្ធ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃពុធ ទី៣តុលានេះ បាននិយាយថា ការពិន័យសរុបមានចំនួន៤៧៩លានយ័ន (៧០លានដុល្លារ)។
បូករួមទាំងប្រាក់ពន្ធដែលនៅជំពាក់ នាងត្រូវបញ្ជាអោយបង់ប្រាក់៨៨៣លានយ័ន (១២៩លានដុល្លារ) ដល់អាជ្ញាធរពន្ធដា។
តារាលំដាប់Aរូបនេះ បានបាត់ស្រមោលពីរ៉ាដាសាធារណជន នៅខែមិថុនា នៅពេលមានរបាយការណ៍ថា នាងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគេចវេះពន្ធមួយ នៅក្នុងឧស្សាហកម្មភាពយន្ត។
បញ្ហារបស់នាងបានចាប់ផ្តើមនៅពេល គូយ យ៉ុងយួន អតីតពិធីករទូរទស្សន៍រដ្ឋចិន CCTV បានបង្ហោះសារមួយក្នុងឡនឡាញថា នាងបានធ្វើកិច្ចសន្យាថតក្លែងក្លាយមួយ ដើម្បីគេចពន្ធ មានន័យថា ឯកសារកិច្ចសន្យាជូនទៅអាជ្ញាធរពន្ធដាក់តំលៃថតទាប តែជាក់ស្តែងទទួលតំលៃថតខ្ពស់។
ក្រៅពីមានតំលៃខ្លួនខ្ពស់បំផុតនៅចិន នាងហ្វាន ល្បីនៅចិនអស់ពេលរាប់ឆ្នាំមកហើយ ដោយថតរឿងរាប់សិប និងបានសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ដូចជារឿង X-men និង Iron Man។
កាលពីឆ្នាំមុន នាងនៅលើកំពូលតារាងតារាស្រីចិន ដែលរកចំណូលច្រើនបំផុតរបស់ទស្សនាវដ្តី Forbes ជាមួយនឹងចំណូល៣០០លានយ័ន៕