Barcelona ត្រូវបានក្រុមបាតតារាងបំបាក់ ២-១ យ៉ាងភ្ញាក់ផ្អើលបំផុត

ក្រុមបាតតារាង Leganes បានដាស់ក្រុម Barcelona ឲ្យភ្ញាក់ពីដំណេកយ៉ាងច្បាស់ ក្នុងការប្រកួតដែលពួកគេយកឈ្នះ ២-១ លើក្រុមកំពូលតារាងអេស្ប៉ាញ កាលពីរាត្រីថ្ងៃពុធ ដែលធ្វើឲ្យក្រុមជើងឯកមួយនេះ បរាជ័យក្នុងការឈ្នះ២ដងជាប់ៗគ្នា។

កីឡាករ Philippe Coutinho បានស៊ុតគ្រាប់បាល់នាំមុខឲ្យ Barcelona នៅដើមតង់ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានស៊ុត ២គ្រាប់នៅក្នុងតង់ទី២វិញ ធ្វើឲ្យពួកគេឈ្នះជាលើកដំបូង នៅក្នុងលីគរដូវកាលនេះ។ គ្រាប់បាល់ជ័យជំនះរបស់ Leganes គឺដោយសារការបង្កកំហុសរបស់ Gerard Pique ដែលបានទាត់បាល់ភ្លាត់ក្នុងការទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់ ហើយកីឡាករ Oscar Rodriguez អតីតកីឡាករយុវជនរបស់ក្រុម Real Madrid បានយកឱកាសល្អនោះ ស៊ុតបញ្ចូលទីតែម្ដងនៅនាទីទី៥២។

គ្រាប់បាល់នោះ គឺកើតឡើងក្រោយពេលកីឡាករ Nabil El Zhar បានស៊ុតតាមស្មើជាមួយក្រុម Barcelona។ អ្វីដែលសំខាន់ គឺអ្នកចាំទីរបស់ក្រុម Leganes កីឡាករ Ivan Cuellar ក៏បានសង្គ្រោះបាល់យ៉ាងច្រើនផងដែរ ដែលនេះក៏ជាការរួមចំណែក ក្នុងការប្រកួតឈ្នះលើក្រុមខ្លាំងលើកនេះផងដែរ។ Leganes មិនដែលទទួលបានពិន្ទុ សូម្បី១ពិន្ទុពីក្រុម Barcelona នៅ៣រដូវកាលដំបូង ហើយក្នុងរដូវកាលនេះ ពួកគេប្រកួតស្មើតែម្ដងគត់ ក្រៅពីនោះចាញ់ទាំងអស់ លើកលែងតែពេលនេះ ប្រកួតជាមួយក្រុម Barcelona ដែលជាការឈ្នះលើកដំបូង៕

ប្រភព៖ Sportskeeda

error: Content is protected !!