រឿងមេប៉េអឹមខេត្តព្រះវិហារស៊ីដាច់លុយឧបត្ថម្ភចំនួន ៨០លានរៀល ត្រូវនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យធ្វើអធិការកិច្ចហើយ

ភ្នំពេញ: នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស បានបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចចុះធ្វើអធិការកិច្ចរឿងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ត្រូវបានកូនចៅក្រោមឱវាទចោទប្រកាន់ថា បានស៊ីដាច់លុយឧបត្ថម្ថចំនួន ៨០លានរៀល ដែលជាលុយឧបត្ថម្ភដល់អង្គភាព ដើម្បីចែកមន្ត្រីអាវុធហត្ថ។

គណៈកម្មការចំពោះកិច្ចបានចុះទៅដល់ខេត្តព្រះវិហារហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៨ ខែកញ្ញា ស្អែកនេះ នឹងចាប់ផ្តើមធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីឲ្យដឹងការពិត។ ប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជាឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានស៊ីដាច់លុយរបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ប្រមាណ ៨០លានរៀល ដែលបានឧបត្ថម្ភដល់អង្គភាព “ខ26-2” កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ ក្រៅពីលុយ ៨០លានរៀល លោកឧត្តសេនីយ៍ត្រី កង សៅគុណ បានធ្វើសកម្មភាពមិនប្រក្រតីជាច្រើនទៀត។

ប្រភពដដែលបានទម្លាយទៀតថា សកម្មភាពមិនប្រក្រតីធំៗរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មានដូចជា៖
១៖ យកដីអង្គភាព មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជាដីនៅស្នាក់ការស្រយ៉ង់ និង ដីស្នាក់ការកំពង់ស្រឡៅ។
២៖ បង្ខំមេបញ្ជាការមូលដ្ឋានតាមបណ្តាលក្រុងស្រុក កាត់ប្រាក់ខែក្នុងមួយខែ ៥០ម៉ឺនរៀល ដើម្បីធ្វើអគារថ្មតាមបណ្តាក្រុង-ស្រុក ហើយអួតថាខ្លួនជាអ្នកកសាង។
៣៖ គំរាមគំហែងមេបញ្ជាការរង រហូតដល់យុទ្ធជន ប្រមាថចាប់ដាក់គុក កាត់ឈ្មោះចោល។
៤៖ ចាប់ឡានដឹកឈើខុសច្បាប់នៅស្រុកជ័យសែន ជំរិតទាប្រាក់ចំនួន ៦លានរៀល កាលពីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨ជាថ្នូរនឹងការដោះលែងទៅវិញ។
៥៖ ចំពោះឡានដឹកឈើខុសច្បាប់ចេញពីដេប៉ូនៅក្នុងខេត្ត គឺត្រូវបង់ក្នុងមួយឡានចំនួន ៥០០ដុល្លារ។
៦៖ ចំពោះឡានយីឌុបដឹកឈើខុសច្បាប់ផ្សេងៗទៀត ដែលឆ្លងកាត់ក្នុងខេត្តត្រូវបង់ក្នុងមួយឡានចំនួន ១៥០ដុល្លារ។


មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់អះអាងទៀតថា ការទទួលប្រាក់ពីសកម្មភាពផ្ទុយច្បាប់នេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ឲ្យលោក កង ពុទ្ធា ជាប្អូនបង្កើតរបស់លោកជាអ្នកយកលុយនៅចំណុចស្នាក់ការសន្តិសុខ នៅព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ហើយលោក ចាន់ សី ជាអ្នកចាំយកលុយនៅស្នាក់ការសន្តិសុខ ព្រំប្រទល់ខេត្តព្រះវិហារ និងសៀមរាប។

ចំណែកលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបដិសេធថា លោកមិនបានប្រព្រឹត្តដូចអ្វីដែលចោទប្រកាន់នោះទេ។ ហើយរឿងនេះទុកឲ្យគណៈកម្មការចំពោះកិច្ចពិនិត្យមមើលចុះ៕ ប្រភព Rasmeinews

error: Content is protected !!