Porsche 911បើកលឿនក្រឡាប់១០ជុំ តែអ្នកបើកបរអាចនៅរស់យ៉ាងអព្ភូតហេតុ
អ្នកបើកបររថយន្ត Porsche នៅរស់រានមានជីវិតយ៉ាងអព្ភូតហេតុ បន្ទាប់ពីគាត់បានបាត់បង់ការគ្រប់គ្រងលើរថយន្តរបស់គាត់នៅលើផ្លូវប្រណាំងមួយ មុនពេលបុកនឹងរបាំងសុវត្ថិភាព បណ្តោលឱ្យក្រឡាប់ជាច្រើនជុំ។
វីដេអូដ៏គួរឱ្យរន្ធត់បានបង្ហាញឱ្យឃើញពេលដែលរថយន្ត Porsche 911 បើកក្រឡាប់ បន្ទាប់ពីប៉ុនប៉ងបត់នៅផ្លូវកោងនៅទីលានប្រណាំងរថយន្ត “Green Hell” ក្នុងទីក្រុងនួបឺរីង ប្រទេសអាល្លឺម៉ង់កាលពីដើមខែនេះ។ អ្នកបើកបរបានចូលរួមក្នុងការប្រកួតដណ្តើមជើងឯក VLN ក្នុងប្រទេសអាល្លឺម៉ង់ នៅពេលការបើកលឿនក្រឡាប់នេះបានកើតឡើង។
វីដេអូនេះបង្ហាញពីកីឡាករអាមេរិក ឈ្មោះ ចន សូហ្វន័រ របស់ក្រុមប្រណាំងរថយន្ត J2 Racing ព្យាយាមបត់ផ្លូវកោងមុនពេលបុកចូលទៅក្នុងរបាំង បណ្តាលឱ្យប៉ើងក្រឡាប់ ១០ ជុំ និងខូចខាតរថយន្តស្ទើរទាំងស្រុង។ លោកសូហ្វន័រត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែរងរបួសតិចតួចប៉ុណ្ណោះ៕