ជួយចែករំលែកផង! តារាចម្រៀង​ជើងចាស់លោក នូ ស៊ឹ​ប ​ធ្លាក់ខ្លួន​ឈឺ​ខ្វះខាត​ថវិកា​ក្នុងការ​ព្យាបាល​ និង​កំពុង​សម្រាក​នៅក្នុង​បន្ទប់​ជួល

(​ភ្នំពេញ​)៖ តារាចម្រៀង​ល្បី​ច្រើន​ជំនាន់ លោក នូ ស៊ឹ​ប កំពុង​រស់នៅ​ខ្វះខាត បាន​ព្រឹក​ខ្វះ​ល្ងាច នៅក្នុង​បន្ទប់​ជួល បាន​ទ​ទូល​ជំនួយ​ពី​អគ្គនាយិកា​ក្រុមហ៊ុន​ទឹកបរិសុទ្ធ អេ​រ៉ូ​ទិ​ក​។

លោកស្រី វណ្ណ លុយ អគ្គនាយិកា​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​ទិ​ក បាន​យក​អំណោយ និង​ថវិកា មួយចំនួន ទៅ​ជួយ​លោក នូ ស៊ឹ​ប តារាចម្រៀង​ជើងចាស់ កំពុង​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ព្រមទាំង ខ្វះខាត​ថវិកា​ក្នុងការ​ព្យាបាល​ជំងឺ និង​កំពុង​សម្រាក​នៅក្នុង​បន្ទប់​ជួល នៅ​ម្ដុំ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាមួយ​ក្មួយ និង​ចៅ​។​

លោកស្រី បាន​មានប្រសាសន៍ថា លោកស្រី​បានដឹង​ដំណឹង​តាមរយ​:​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក នូ ស៊ឹ​ប តារាចម្រៀង​ល្បី​ច្រើន​ជំនាន់ កំពុង​រង​ទុក​វេទនា​ស្នាក់នៅ​ផ្ទះជួល​ជាច្រើន​ឆ្នាំ ហើយ​ថែមទាំង​ទទួលបន្ទុក​ចិញ្ចឹម​ក្មួយ និង​ចៅ​កំព្រា ដែល​គាត់​កំពុង​តែមាន​ជំងឺ​ថែម​ទៀតផង​។

​លោកស្រី បាន​បន្តថា នេះ​គឺជា​ទឹកចិត្ត​របស់លោក​ស្រី​ផ្ទាល់ ហើយ​លោកស្រី នឹង​នាំ​ដំណឹង​នេះ ទៅ​ជម្រាប​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ដើម្បីឱ្យ​លោក​ទទួលបាន​ជំនួយ​បន្ថែមទៀត​។​

លោកស្រី វណ្ណ លុយ បាន​សម្តែង​នូវ​ទឹកចិត្ត​អាណិតអាសូរ​ដល់​លោក នូ ស៊ឹ​ប មិនគួរណា​មាន វាសនា មក​ស្នាក់នៅ​ផ្ទះជួល​តូចចង្អៀត ថែមទាំង​គ្មាន​ការងារ​ធ្វើ ហើយ​មាន​ជំងឺ​ក្នុង​វ័យ​ជរា ប្រចាំកាយ​ថែមទៀត​។​

លោក នូ ស៊ឹ​ប បាន​គោរព​ថ្លែងអំណរគុណ​លោកស្រី វណ្ណ លុយ ដែល​បាន​ជួយ​លោក ក្នុង​គ្រា ដែល​លោក​កំពុងតែ​លំបាក​ខ្លាំង ហើយ​លោក បាន​ប្រាប់ថា បច្ចុប្បន្ន លោក​កំពុង​តែមាន​ជំងឺ លើសឈាម និង​មាន​ដុះ​ដុំ​សាច់ ដែល​ជំងឺ​នេះ គឺ​ធ្វើទុក្ខ​ខ្លាំង នៅពេលដែល​សម្ពាធ​ឈាម​ឡើង និង​តម្រូវឱ្យ​ផឹកថ្នាំ ព្យាបាល​ទៀងទាត់​តាម​វេជ្ជបញ្ជា​។

លោក​បាន​ន្ថែ​ម​ទៀតថា សម្រាប់​ការងារ​សិល្បៈ របស់លោក​វិញ គឺ​គ្មាន​នរណា​ហៅ​លោក​ច្រៀង ឡើយ គិត​មកដល់ពេលនេះ​មាន​រយៈពេល ១ ឆ្នាំ​ហើយ ។ ចំពោះ​ការដោះស្រាយ​ជីវភាព ប្រចាំថ្ងៃ គឺ​លោក​រស់នៅ ទៅតាម​លទ្ធភាព បាន​ព្រឹក​ខ្វះ​ល្ងាច​។​

គួរបញ្ជាក់​ផងដែរ​ថា ខណៈពេល​នេះ លោក នូ ស៊ឹ​ប កំពុងតែ​អំពាវនាវ​ដល់​សប្បុរស​ជន ទាំងឡាយ មេត្តាជួយ​ឧបត្ថម្ភ​លោក ជា​ថវិកា​ខ្លះ ដើម្បី​សម្រួល​ក្នុងការ​ព្យាបាល​ជំងឺ និង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​ផងដែរ ដោយសារតែ​លោក មាន​វ័យ​ចំណាស់​ទៅហើយ​ដូច្នេះ​ពិបាក​ក្នុងការ​ស្វែង រក​ការងារ​ធ្វើ​ណាស់ គឺមាន​តែ​សប្បុរសជន​នេះហើយ ដែលជា​អ្នកមានគុណ​របស់លោក​៕

error: Content is protected !!