Scarlett Johansson ជាប់ជា​តារា​ស្រី​រក​ចំណូល​ខ្ពស់​ជាងគេ​របស់ទស្សនា​វ​ដ្តី Forbes

តួ​របស់​នាង​ស្កា​ឡេ​ត ចូ​ហាន​សុន ក្នុងនាម​ជា​វីរនារី Black Widow បានធ្វើឱ្យ​នាង​ឈរ​នៅលើ​កំពូល​តារាងបញ្ជី​តារា​ស្រី​រក​ចំណូល​ខ្ពស់បំផុត​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្ដី Forbes កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ សីហា ដោយ​នាំឱ្យ​នាង​នាំមុខ​លើ​តារា​ស្រី អ៊ែន​ជែ​ល​លី​ណា ចូ​លី វិញ​ម្តង​ក្នុងឆ្នាំនេះ​។​

យោងតាម​ការ​គណនារ​បស់​ទស្សនាវដ្ដី Forbes នាង​ចូ​ហាន​សុន​អាយុ ៣៣ ឆ្នាំ​រកចំណូលបាន ៤០,៥ លាន​ដុល្លារ​មុន​បង់ពន្ធ គិត​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០១៧ រហូតដល់​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០១៨​។​

នាង​បាន​សម្តែង​ជា​វីរនារី Black Widow នៅក្នុង​ខ្សែភាពយន្ត​ល្បី​ខ្លាំង​ប្រចាំ​ឆ្នាំនេះ គឺ​រឿង Avengers: Infinity War ហើយនឹង​វិល​ត្រឡប់មក​សម្តែង​ជា​តួ​នេះ​វិញ​ក្នុង​រឿង​ដដែល​វគ្គ​ថ្មី​ឆ្នាំ ២០១៩ របស់​ផលិតកម្ម Marvel Studios ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Walt Disney Co​។​

​ចូ​លី អាយុ ៤៣ ឆ្នាំ​ទទួលបាន​ប្រាក់ចំណូល ២៨ លាន​ដុល្លារ​អាមេរិក​ដោយសារ​កុងត្រា​ថត​ខ្សែភាពយន្ត Maleficent 2 សម្រាប់​បញ្ចាំង​ក្នុង​ឆ្នាំ ២០២០​។​

នាង​ជែ​ន​នី​ហ្វើ អេ​នី​ស្តុ​ន អាយុ ៤៩ ឆ្នាំ ដែល​នៅតែ​អាច​រកប្រាក់​ចំណូល​ខ្ពស់​តាំងពី​ថត​រឿង Friends ក្នុង​ទសវត្សរ៍ ១៩៩០ មក​នោះ បាន​ជាប់​ចំណាត់​លេខ ៣ ជាមួយ​ប្រាក់ចំណូល ១៩,៥ លាន​ដុល្លារ​។ នាង​ក៏​ទទួលបាន​លុយ​ពី​ការចុះ​កុងត្រា​ផ្សាយ​ផលិតផល​ដូចជា​ទឹក​ម៉ាក Smartwater របស់​ក្រុមហ៊ុន Coca-Cola Co និង​សាប៊ូ Aveeno របស់​ក្រុមហ៊ុន Johnson & Johnson ។​

​ជែ​ន​នី​ហ្វើ ឡូ​រិ​ន អាយុ ២៨ ឆ្នាំ ដែល​សម្តែង​ក្នុង​ខ្សែភាពយន្ត​មិនសូវ​ល្អមើល Mother! និង​រឿង Red Sparrow គឺ​ស្ថិតក្នុង​ចំណាត់​លេខ ៤ នៅក្នុង​បញ្ជី Forbes ជាមួយនឹង​ចំណូល​បន្ត​ពី​តួ​របស់​នាង​នៅក្នុង​រឿង​ត​វគ្គ X-Men និង​កិច្ចសន្យា​ផ្សាយ​ជាមួយ​ម៉ាក​ផលិតផល Christian Dior ។ ប្រាក់ចំណូល​ចំនួន ១៨ លាន​ដុល្លារ​របស់​នាង​គឺ​តិចជាង​ឆ្នាំមុន ៦ លាន​ដុល្លារ​។​

​នាង រី​សេ វ៉ា​យ​ធឺ​ស្ពូ​ន អាយុ ៤២ ឆ្នាំ​ជាប់​លេខ ៥ ដោយ​រកចំណូលបាន ១៦,៥ លាន​ដុល្លារ​អាមេរិក​៕

error: Content is protected !!