ស្ត្រីដៃឆៅចាក់សម្លាប់ប្តីជាមន្ត្រីប៉ូលិស ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនហើយ!

សៀមរាប: ស្ត្រីដែលជាជនដៃដល់ ធ្វើឃាតប្តីជាមន្ត្រីប៉ូលិស ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ស្ត្រីជាជនដៃដល់មានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្ននៅភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការចោទប្រកាន់ពីបទឃាតកម្ម ហើយត្រូវបានចៅក្រមស៊ើបសួរ ស៊ិន សុវណ្ណារ័ត្ន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ១០៧៤ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ រង់ចាំស៊ើបសួរបន្តទៀត។

សូមរំលឹកឲ្យដឹងថា នគរបាលប៉ុស្ដិ៍គោកចកម្នាក់ឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានជនដៃដលើធ្វើសកម្មភាពចាក់សម្លាប់ដោយប្រើប្រាស់កូនកាំបិតចុងស្រួច។ ករណីឃាដកម្មនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីមានការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលជាប្រពន្ធរបស់ជនរងគ្រោះតែម្តង ហើយតាមការសារភាពរបស់ជនដៃដល់ បានសារភាពថា ខ្លួនពិតជាបានធ្វើការចាក់សម្លាប់ប្តីរបស់ខ្លួនពិតប្រាកដមែន៕

error: Content is protected !!