ភាពជោគជ័យរបស់ Salah គឺជាកម្លាំងចិត្តរបស់ Alisson នៅ Liverpool

កីឡាករ Alisson សង្ឃឹមថាគាត់អាចនឹងបង្ហាញសមត្ថភាពឲ្យសមនឹងតម្លៃខ្លួនដែល Liverpool បានចំណាយ ដូចគ្នាទៅនឹងអ្វីដែល Salah បានធ្វើផងដែរ។

កីឡាករអ្នកចាំទីសញ្ជាតិប្រស៊ីលនេះ បានផ្ទេរមកពីក្រុម Roma ដូចគ្នាជាមួយនឹង Salah ដែរ ដោយអ្នកចាំទីរូបនេះផ្ទេរមក Liverpool កាលពីខែមុនក្នុងតម្លៃខ្លួន £65 លានផោន។ ការផ្ទេរកាលនោះបានក្លាយជាតម្លៃខ្លួនថ្លៃជាងគេបំផុត សម្រាប់អ្នកចាំទីកីឡាករក្នុងប្រវត្តិសាស្ត្របាល់ទាត់ មុននឹងកីឡាករ Kepa Arrizabalaga បានផ្ទេរមកកាន់ Chelsea ក្នុងតម្លៃបំបែកកំណត់ត្រាថ្មី £71.6 លានផោន កាលពីដើមសប្ដាហ៍នេះ ពីក្រុម Athletic Bilbao។

Salah បានធ្វើឲ្យ Liverpool ចំណាយប្រាក់ £36.9 លានផោន សម្រាប់ទិញយករូបគេពីក្រុម Roma ដែលតម្លៃខ្លួនក្នុងពេលនោះបានធ្វើឲ្យមនុស្សគ្រប់គ្នាឆ្ងល់ ហើយគិតថាថ្លៃពេក ប៉ុន្តែពេលនេះអ្នកគ្រប់គ្នាគិតថាគឺជាការផ្ទេរដ៏ចំណេញទៅវិញ ក្រោយពេលកីឡាករខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនេះ រកគ្រាប់បាល់បានចំនួន៤៤គ្រាប់ កាលពីរដូវកាលមុន។

Alisson បាននិយាយថា “បាទ វាជារឿងល្អសម្រាប់ Roma ពួកគេបានលក់ក្នុងតម្លៃបំបែកកំណត់ត្រាមួយ ហើយពួកគេសប្បាយចិត្តណាស់។ ហើយខ្ញុំក៏នឹងខំប្រឹងជួយ Liverpool ដែលដើម្បីឲ្យសាកសមនឹងតម្លៃដែលពួកគេទិញ ព្រោះវាពិតជាសំខាន់ណាស់”

គេបន្តថា “ខ្ញុំដឹងថាសម្រាប់ Salah ត្រូវបានគេគិតថាធ្វើឲ្យ Roma ចំណេញ ប៉ុន្តែពេលនេះមនុស្សជាច្រើននិយាយថា Liverpool ជាអ្នកចំណេញទៅវិញ។ ខ្ញុំចង់ធ្វើដូចគ្នានឹងគេដែរ ព្រោះពេលនេះមនុស្សជាច្រើនគិតថា Liverpool ចំណាយប្រាក់ច្រើនពេកសម្រាប់ខ្ញុំ៕”

ប្រភព៖ sportskeeda

error: Content is protected !!