ឡូយកប់! HONDA ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា ដោយ​មិន​យកប្រាក់​ខែ​ទៀត​

Keisuke HONDA ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​មិន​យកប្រាក់​ខែ​ទៀត​។ នេះ​បើតាម​ការបង្ហាញ និង​ប្រកាស​តែងតាំង​ផ្លូវការ ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង​ក្រោម​វត្តមាន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨នេះ។​

​គួរ​បញ្ជាក់ថា សម្រាប់​ភារកិច្ច​ចំពោះមុខ​របស់​គ្រូបង្វឹក​ថ្មី​រូបនេះ គឺ​ផ្ដោតលើ​ការប្រកួត​ពានរង្វាន់​ក​ម្រិ​ត​តំបន់​ដ៏​ធំ​មួយ គឺ​ពានរង្វាន់ AFF Suzuki Cup 2018 ដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​(AFF) បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល​កាលពីពេល​កន្លងទៅ ដោយ​កម្ពុជា​ស្ថិតក្នុង​ពូ​ល​A ជាមួយ​ក្រុម​ខ្លាំង​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ​។​

​នេះ​ជា​លើកដំបូង​សម្រាប់​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ជប៉ុន វ័យ​៣២​ឆ្នាំ ដែល​វិវត្តន៍​ក្លាយជា​គ្រូបង្វឹក និង​ជា​កីឡាករ​ជោគជ័យ​មួយរូប​កាល​លេង​អោយ​ក្លឹប​យ​ក្យ​អ៊ីតាលី AC Milan មុន​ផ្លាស់​ទៅលេង​នៅ​មិច​សិ​ក ក្នុង​ក្លឹប Pachuca និង​ចុងក្រោយ​លេង​នៅ​អូស្ត្រាលី ក្នុង​ក្លឹប Melbourne Victory​។​

​បុរស​វ័យ ៣២​ឆ្នាំ Honda ទើបតែ​បានប្រកាស​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​សា​ម៉ូ​រៃ​ខៀវ​ជប៉ុន ក្រោយ​បញ្ចប់ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ដោយ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម ក្រោម​ថ្វី​ជើង​របស់​ប៊ែ​ល​ហ្ស៊ិ​ក​៕

error: Content is protected !!