Coutinho ប្ដូរមកពាក់អាវលេខ៧ ដ៏ល្បីវិញ នៅក្លឹប Barcelona ក្នុងរដូវកាលនេះ

Philippe Coutinho បានយកអាវលេខ៧ ដ៏ល្បីរបស់ក្លឹបយក្ស Barcelona សម្រាប់ពាក់នៅក្នុងរដូវកាល 2018-19 របស់លីគ LaLiga។

Coutinho បានផ្ទេរមក Barcelona កាលពីខែមករា ដោយពេលនោះ គេបានពាក់អាវលេខ ១៤ ដែលធ្លាប់ពាក់ដោយ Javier Mascherano ប៉ុន្តែពេលនេះគេប្ដូរមកពាក់អាវលេខ៧ ដ៏ល្បីដែលធ្លាប់ពាក់ដោយកីឡាករ Arda Turan។ អាវលេខ៧នេះ ក៏ធ្លាប់មានកីឡាករល្បីៗ និងសំខាន់ៗមួយចំនួនពាក់ផងដែរ ក្នុងពេលកន្លងមកដូចជា Luis Figo, Henrik Larsson និង David Villa បន្ទាប់មក Pedro ពាក់មុនពេល Turan ផ្ទេរមកកាន់ Barca កាលពីឆ្នាំ២០១៥។

កីឡាករ Coutinho បានសម្របខ្លួនលឿនមែនទែន ជាមួយក្លឹប Barca ក្រោយពេលផ្ទេរមកពី Liverpool កាលពីរដូវកាលមុន គេរកបាន៨គ្រាប់ឲ្យ Barca ដែលជាចំណែកមួយក្នុងការជួយឲ្យក្លឹបនេះ លើកពាន LaLiga ផងដែរ។ ហើយកាលលេងនៅ World Cup គេក៏បានជួយរកគ្រាប់បាល់ ២គ្រាប់ឲ្យប្រេស៊ីលដែរ៕

ប្រភព៖ Sports Keeda

error: Content is protected !!