Real Madrid នឹងតម្លើងប្រាក់ឈ្នួលបន្ថែមទៀតឲ្យ Modric

ក្រុម Inter Milan ចង់ទិញយក Luka Modric យ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏ Real Madrid មិនចង់ឲ្យកីឡាករខ្សែបម្រើឆ្នើមរបស់ខ្លួនចាកចេញដែរ ដោយហេតុនេះ គេអាចនឹងទទួលបានកាដូជាការតម្លើងប្រាក់ឈ្នួលជំនួសវិញ។

ក្លឹបយក្សរបស់អ៊ីតាលីមួយនេះ បានទាក់ទងពិភាក្សាគ្នាយ៉ាងសម្ងាត់ ដើម្បីទិញយកកីឡាករឆ្នើមជាងគេបំផុតប្រចាំ World Cup 2018 ចាប់តាំងពីចប់ព្រឹត្តិការណ៍នោះមក។ លោក Florentino Perez បាននិយាយច្បាស់ៗថា ក្លឹបនឹងមិនលក់គេក្រោមតម្លៃ ៧៥០លានអឺរ៉ូនោះទេ។ ប៉ុន្តែរឿងនេះ ពិបាកយល់បន្តិចហើយ ដោយសារកីឡាករឆ្នើម Cristiano Ronaldo មានតម្លៃខ្លួនដល់ទៅ ១ពាន់លានអឺរ៉ូ ប៉ុន្តែលក់មែនទែនបានតែ ១០០លានអឺរ៉ូទៅវិញ។ គេមិនដឹងទេថារឿងនេះអាចកើតមានចំពោះ Modric ឬអត់នោះ។

មិនដូច Ronaldo ទេ Modric មិនទំនងជាចាកចេញពីទឹកដី Estadio Santiago Bernabeu នោះទេ គេទំនងជានឹងបន្តចុះកុងត្រាថ្មីទៀតជាមួយក្លឹប ហើយគេអាចនឹងទទួលបានប្រាក់ឈ្នួលច្រើនជាង ៨លានអឺរ៉ូក្នុងមួយរដូវកាលទៀតផង ដែលប្រាក់ឈ្នួលនេះ គឺច្រើនគួរសមសម្រាប់កីឡាករវ័យ៣២ឆ្នាំដូចរូបគេ។

ហើយក៏មិនទំនងដែរដែល Real Madrid នឹងព្រមលក់ Modric ព្រោះពួកគេមិនទាន់ទិញបានកីឡាករណាម្នាក់ ដែលមានទេពកោសល្យ និងបទពិសោធន៍នោះទេ រហូតមកដល់ពេលនេះ ហើយលោក Perez ក៏មិនចង់ឲ្យក្រុមលោកក្លាយជាក្រុម ដែលខ្សោយជាងមុនផងដែរ។ ការលក់ Ronaldo បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តទៅហើយ ហើយពេលនេះ Inter Milan មកចង់បានម្នាក់ទៀត បើ Real ព្រមលក់ ប្រហែលជាអាចនឹងមានបញ្ហាធំដល់ក្រុមទាំងមូល៕

ប្រភព៖ Marca

error: Content is protected !!