ប្រាសាទអង្គរវត្ត ជាប់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​

កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ ក្រសួងទេសចរាចរណ៍ បានចេញសេចក្ដីជូនដំណឹងថា យោងតាមការដកស្រង់មតិរយពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្ដល់ចំណាត់ថ្នាក់ លេខ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងចំណោមទីសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗក្នុងពិភពលោក ចំនួន២៥ សម្រាប់ឆ្នាំ២០១៨ (Cambodia’s Angkor Template-The 1st Place of World’s Best Landmark for 2018)។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា វាជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្លៀវទេសចរនៅទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១​ ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នាមានជាអាទិ៍៖
១. កាលពីឆ្នាំ២០១៤ ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ ArchaeoMadness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ដ្រដែលទាក់ទាញបំផុតលើពិភពលោក។
២. នៅដើមឆ្នាំ២០១៥ ប្រាសាទអង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ ម្ដងទៀត ពីគេហទំព័រ TripAdvisor ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដ៏ល្បីល្បាញលើពិភពលោក។
៣. នៅឆ្នាំ២០១៦ ប្រាសាទអង្គរវត្តបានបន្តជាប់លេខ១ បន្ថែមទៀត នៅលើគេហទំព័រ Lonely Planet ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញបំផុតលើពិភពលោក។
៤. នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ គេហទំព័រ TripAdvisor បានបន្តផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តកម្ពុជា ក្នុងឋានៈជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតលើពិភពលោក។

នេះគឺជាមោទនភាពថ្មីមួយបន្ថែមទៀតរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលប្រាសាទអង្គរវត្តរបស់កម្ពុជា ទទួលបានការគាំទ្រពីបណ្ដាប្រជាជនជុំវិញពិភពលោក។ ដើម្បីអបអរសាទរមោទនភាពដ៏មានអត្ថន័យធំធេងក៏ដូចជាបន្តធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត ក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប និងភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ នឹងរៀបចំពិធីទទួលពានរង្វាន់នេះ នៅក្រុងសៀមរាប ទីតាំងខាងមុខបរិវេណប្រាសាទអង្គវត្តនាពេលព្រឹក និងពិធីអបអរសាទរ រាំលេងសប្បាយជាមួយការប្រគំតន្ត្រីនៅតំបន់ Pub Street ពេលរាត្រី នៅថ្ងៃព្រហស្បត្តិ៍ ទី១៣រោច ខែទុតិយាសាឍ ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ៕

error: Content is protected !!