បូនីតា ដាដេណា ចង់បញ្ចប់ការសម្តែងតែបន្តការផលិត

ភ្នំពេញ-បន្ទាប់ពីសំងំលាក់ខ្លួនពីសិល្បៈមួយរយៈ តារាសម្តែង អ្នកនាង បូនីតា ដាដេណា បានត្រឡប់មកវិញជាមួយនឹងការផលិតភាពយន្តបែបភ័យរន្ធត់ មានលក្ខណៈបែបបុរាណ ដែលអ្នកនាង មិនអាចបង្ហើបបានពីតំលៃនៃការផលិតរឿងមួយនេះ។

រឿង “ម្ចាស់ទាយាទ” ត្រូវបានផលិតឡើងក្នុងទម្រង់បុរាណ ដែលគេដឹងថា មានខ្ទង់ចំណាយច្រើនក្នុងការតុបតែងប្លង់ថតនីមួយៗ ដើម្បីឲ្យសាច់រឿងចេញមក មានភាពប្រទាក់ក្រឡាគ្នា សម្រាប់អ្នកទស្សនាជក់ចិត្តដិតអារម្មណ៍។

អ្នកនាង ដាដេណា បានឲ្យដឹងថា រឿង”ម្ចាស់ទាយាទ” ចាក់បញ្ចាំងចាប់ពីថ្ងៃទី២ ខែសីហានេះ ហើយជារឿងបែបលងភ័យរន្ធត់ ក្រោមការសម្រិតសម្រាំងច្រើនពីរូបនាង និងក្រុមការងារ ។ ទោះជារឿងនេះ មានកម្រិតគាំទ្របែបណា ក៏គ្រោងផលិតស្នាដៃរឿងថ្មីបន្តទៀត ដើម្បីចូលរួមលើកមុខមាត់វិស័យភាពយន្តខ្មែរ។

អ្វីដែលកាន់តែពិសេស ទៀតនោះ ដោយសារតែមានការស្រលាញ់ខ្លាំងលើវិស័យសិល្បៈ អ្នកនាង ដាដេណា បានលួចផលិតកុន លួចលាក់ពីស្វាមី ដែលគេគ្រប់គ្នាដឹងថា ជាសេដ្ឋី ជនជាតិរុស្សី ។ អ្នកនាងថា ការផលិតកុននោះ មានភាពលំបាកមែនទែន ព្រោះត្រូវការពេលវេលាជាច្រើនសម្រាប់អ្នកនាងផ្ទាល់។ ព្រោះរាល់ពេលដែលចេញថត គឺមានការបិតបាំងពីស្វាមី មិនឲ្យដឹង ព្រោះស្វាមីរបស់អ្នកនាង មិនចង់ឲ្យអ្នកនាងបន្តក្នុសិល្បៈទេ តែដោយក្តីស្រលាញ់ទើបអ្នកនាងផលិតរឿងនេះឡើង ដោយដឹកនាំ ផង នឹងសម្តែងផង។

អ្នកនាងថា រាល់ស្នាដៃដែលអ្នកនាងផលិតបាន ៥ទៅ៦រឿង ឃើញថា សុទ្ធសឹងតែជាប្រភេទរឿងបុរាណ ព្រោះអ្នកនាងចូលចិត្តថត ប្រភេទរឿងខ្មោចបុរាណ។ យ៉ាងណាមិញទាក់ទងនិងការសម្តែងអ្នកនាងសូមផ្តាច់ខ្លួនលែងទទួលថតទៀតហើយ ដោយសារយល់ថា ខ្លួនចាស់ហើយមានការងារផ្ទាល់ខ្លួន និងមមាញឹកក្នុងការមើលថែរទាំក្នុងគ្រួសារផង ទើបត្រូវដកថយ។ តែយ៉ាងណាការផលិតរឿងថតរឿង គឺអ្នកនាងនៅបន្តគ្រាន់តែមិនសម្តែងដោយខ្លួនឯង ទុកឲ្យតារារលកក្រោយជាអ្នកបង្ហាញវិញម្តង ។

អ្នកនាងថា ការសម្ដែងដែលបានបង្ហាញនេះ នឹងក្លាយជាស្នាដៃលើកចុងក្រោយដែលអ្នកនាងសម្រេចចិត្តបង្ហាញខ្លួនក្នុងការសម្ដែងហើយ ខណៈដែលអ្នកនាងប្រកាសថា ខ្លួនមានហេតុផលច្រើន ដែលជំរុញឲ្យអ្នកនាងត្រូវតែឃ្លាតឆ្ងាយពីការសម្ដែង បើទោះជាអ្នកនាងនៅបន្តផលិតភាពយន្តប្រកួតប្រជែងក្នុងភាពយន្ត៕

error: Content is protected !!