រមណីយដ្ឋាន​អន្លង់​ធំ ស្វែងរក​ដៃគូ​ដើម្បី​ពង្រីក​ដែន​កម្សាន្ដ​

ស្រប​ពេលដែល​ទីតាំង​ភូមិសាស្ត្រ​នៅមាន​គ្រប់គ្រាន់​ក្នុងការ​ពង្រីក​ដែន​កម្សាន្ត​សម្រាប់​ភ្ញៀវ តែ​មិនមាន​លទ្ធភាព​ផ្ទាល់ខ្លួន សហគមន៍​ទេសចរណ៍ធម្មជាតិ​អន្លង់​ធំ​បាន​អំពាវនាវ​ស្វែងរក​ដៃគូ ដើម្បី​បង្កើន​វិសាលភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម ពិសេស​ការសង់​ស្ពាន​ឆ្លង​ជ្រោះ​ទៅ​ផ្នែក​ម្ខាង​ទៀត​។​

​លោក​ស៊ី វណ្ណា ទេសចរ​មកពី​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​បាន​រៀបរាប់ថា នេះ​ជា​លើកទីមួយ​ដែល​លោក​មានឱកាស​បាន​នាំ​ក្រុមគ្រួសារ​មកលេង​រមណី​យ​ដ្ឋា​ន​ធម្មជាតិ​អន្លង់​ធំ​។ លោក​ធ្លាប់​ដើរលេង​ច្រើន​កន្លែង​មកហើយ ប៉ុន្តែ​នៅទីនេះ​មានការ​ទាក់ទាញ​អារម្មណ៍​យ៉ាង​ជក់ចិត្ត​ជាមួយ​ទឹកជ្រោះ ថ្លាឈ្វេង ព្រៃព្រឹក្សា​បែប​ធម្មជាតិ​ពិតៗ លាយឡំ​នឹង​ហ្វូង​សត្វ​ស្វា​តូចធំ​ផង​នោះ​។ ចំណែក​សេវាកម្ម​របស់​ពលរដ្ឋ​សហគមន៍​វិញ​ពោរពេញ​ដោយ​ភាព​រាក់ទាក់ ម្ហូបអាហារ​ឆ្ងាញ់​ពិសា​ដែល​ធ្វើឱ្យ​លោក និង​ក្រុមគ្រួសារ បានមក​ម្តង​ហើយ​ចង់​មកជា​បន្តបន្ទាប់​ទៀត​។ ទេសចរ​ដដែល​បាន​បញ្ជាក់ថា​តាម​ការមើលឃើញ​ជាក់ស្តែង ទីនេះ​ហាក់ដូចជា​នៅ​ចង្អៀត​បន្តិច​សម្រាប់​ទទួល​ភ្ញៀវ​ពេល​មាន​ពិធីបុណ្យ​ធំៗ​។ បើសិនជា​ពួកគាត់​ឈានទៅ​ពង្រីក​ដោយ​សង់​ខ្យូ​ស​ដើម្បី​បង្កើន​កន្លែង​បន្ថែម​នៅ​ត្រើយម្ខាង​ទៀត​នោះ​ការទាក់ទាញ​ភ្ញៀវ​កាន់ តែ​ប្រសើរឡើង​ជាក់​ជាមិនខាន​។​

​លោក​ច្រឹ​ក សុវណ្ណ ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​អន្លង់​ធំ​បាន​មានប្រសាសន៍ថា​សព្វថ្ងៃ​ក្នុង​ដែន​កម្សាន្ត​នៃ​រមណីយដ្ឋាន​ធម្មជាតិ​អន្លង់​ធំ​មាន​ខ្យូ​ស​ទទួលភ្ញៀវ​ចំនួន​២៦​។ បរិមាណ​នេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធីបុណ្យ​ទាន​ធំៗ​នៅឡើយ​។ ពិតណាស់ សហគមន៍​មានបំណង​ចង់​ពង្រីក​កន្លែង​កម្សាន្ត​បន្ថែម​នៅ​ផ្នែក​ម្ខាង​ទៀត នៃ​ដង​ជ្រោះ​ដែរ ប៉ុន្តែ​មិនមាន​លទ្ធភាព​សាងសង់​ស្ពាន​សម្រាប់​ភ្ញៀវ​ឆ្លង​។ នៅ​ត្រើយ​ខាងកើត​នោះ​មាន​កោះ​តូច​មួយ​ប្រកបដោយ​ម្លប់ឈើ​ត្រឈឹងត្រឈៃ និង​ទេស​ភាពល្អ​ប្រណីត​។ សមាជិក​សហគមន៍​អាចមាន​ដើមទុន​ខ្លះៗ​ក្នុងការ​ធ្វើ​ខ្យូ​ស​តែ​ខ្វះ​លទ្ធភាព​ក្នុង​ការធ្វើ​ស្ពាន​។ ដូច្នេះ​ក្នុងនាម​ប្រធាន​សហគមន៍​លោក​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន ឬ​អង្គការ​ដៃគូ​នានា​មេត្តាជួយ​អន្តរាគមន៍​ក្នុងការ​សង់ស្ពាន​ឆ្លង​ប្រវែង​ជាង​២០​ម៉ែត្រ​នេះ​ដើម្បីឱ្យ​សកម្មភាព​ទេសចរណ៍​នៅទីនេះ​កាន់តែ​រស់​រវើក​ឡើង​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ លោក​ម៉ាត់ ហ៊ីម សមាជិក​ក្រុមប្រឹក្សាឃុំ​ព្រែក​ត្នោត បាន​បញ្ជាក់ថា ក្រោយ​បើក​ដំណើរការ​កាលពី​ឆ្នាំ​២០០៧ ភ្ញៀវ​ពី​ទីជិត​ឆ្ងាយ​បាននាំគ្នា​មក​កម្សាន្ត នៅ​រមណីយដ្ឋាន​ធម្មជាតិ​អន្លង់​ធំ​យ៉ាងច្រើន​កុះករ ពិសេស​នា​ពិធី​បុណ្យជាតិ​សំខាន់ៗ​។ ផ្តើមចេញ​នូវ​បញ្ហា​នេះ​ឃើញថា កន្លែង​ទទួលភ្ញៀវ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដូចជា​ខ្យូ​ស​អង្គុយ​សម្រាក និង​ពិសា​អាហា​ជាដើម​។ ជារឿយៗ គណៈកម្មការ​សហគម​ន៍​តែង​លើក​ក្នុង​អង្គប្រជុំ​ប្រចាំខែ​អំពី​តម្រូវ​ការពង្រីក​ដែន​កម្សាន្ត​បន្ថែម​នៅ​ផ្នែក​ខាងកើត ប៉ុន្តែ​ត្រូវ​ចាប់ផ្តើម​សាងសង់​ស្ពាន​ជាមុន​។ សមាជិក​ក្រុមប្រឹក្សាឃុំ​បាន​បន្តថា​ឃុំ​ពុំមាន​លទ្ធភាព​ជួយ​ក្នុង​រឿងនេះ​ទេ​ព្រោះ​ថវិកា​ដែល​រាជរដ្ឋាភិបាល​ទម្លាក់​ម​ក​គឺ​ផ្តោតលើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​អាទិភាព​។

​ក្នុងនាម​អាជ្ញាធរ​ឃុំ​លោក​សូម​ជូនដំណឹង​នេះ ដល់​មន្ទីរជំនាញ​គ្រប់​ស្ថាប័ន អង្គការ​អភិវឌ្ឍ​ជា​ដៃគូ ឬ សប្បុរសជន​ដែលមាន​សន្តាន​ចិត្តល្អ​មេត្តាជួយ​ដល់​សហគម៍​អេកូ​អន្លង់​ធំ​ផង​។ តំបន់​នេះ​មាន​សុវត្ថិ​ភាពល្អ​ដោយ​មិន​ធ្លាប់​កើតឡើង​នូវ​បញ្ហា​អ្វី​គួរកត់សម្គាល់​សម្រាប់​ភ្ញៀវ​ឡើយ​។ លោក​សង្ឃឹមថា​នៅពេល​អង្គការ​ដៃគូ មន្ទីរជំនាញ សប្បុរសជន​បានទទួល​នូវ​សំណូមពរ​នេះហើយ​ប្រាកដជា​យកទៅ​ពិចារណា និង​ចុះមក​ពិនិត្យ​លើ​ទីតាំង​ជាក់ស្តែង ព្រមទាំង​ជួយ​ដោះស្រាយ​ទៅតាម​អ្វី​ដែលជា​សំណូមពរ ក៏ដូចជា​ការលើកឡើង​របស់​សហគមន៍​ទាក់ទិន​នឹង​ស្ពាន​ឆ្លង​នោះ​។

​សូមបញ្ជាក់ថា​មណ្ឌល​កម្សាន្ត​ធម្មជាតិ​អន្លង់​ធំ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។ ដើម្បី​បាន​ដល់ទី​លម្ហែ​កម្សាន្ត​ដ៏​ជក់ចិត្ត​នេះ ភ្ញៀវ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣ ទិសដៅ​កំពត​-​ព្រះសីហនុ ត្រូវ​បត់​ចុះទៅ​ផ្នែក​ខាងស្តាំ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៨-១៧៩ តាម​ខ្លោងទ្វារ​វិទ្យាល័យ​ហ៊ុន សែន​ព្រែក​ត្នោត​លើផ្លូវ​លំ​ប្រវែង​១.៦០០​ម៉ែត្រ​៕

error: Content is protected !!