សូមប្រុងប្រយ័ត្ន! ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង ហក់​ឡើង​លើស​កម្រិត​ប្រកាសអាសន្នហើយ

គិត​ត្រឹម​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន ហើយ​សង្កាត់​ចំនួន ៤ របស់​ក្រុង​ស្ទឹងត្រែង ត្រូវបាន​ទឹកជំនន់​ទន្លេ​មេគង្គ លិច​​ចូល​ជា​បណ្តើរៗ​ហើយ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកា​ស​ថា មកដល់​ម៉ោង ១១ ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៨ នេះ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១០,៨០ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​)​។ ទឹកទន្លេ បាន​លិច​ចូល​តំបន់​ទំនាប​មួយចំនួន ក្នុង​សង្កាត់​ចំនួន ០៤ របស់​ក្រុង​ស្ទឹងត្រែង ជា​បណ្តើរៗ​ហើយ ក្នុងនោះ មាន​សង្កាត់​ព្រះបាទ សង្កាត់​ស្រះ​ឫស្សី សង្កាត់​ស្ទឹងត្រែង និង​សង្កាត់​សាមគ្គី​។​

​ចំពោះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ ដែល​កំពុង​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន នៅ​ខេត្តស្ទឹងត្រែង​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​ស្ទឹងត្រែង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​ទឹកជំនន់​នៅតាម​ទីតាំង​នានា​។ អាជ្ញាធរ​សមត្ថកិច្ច ក៏បាន​ដាក់ចេញ​នូវ​ផែនការ​ត្រៀម​បង្ការ និង​ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពល​រដ្ឋ ដែល​កំពុង​រស់នៅ និង​ប្រកបមុខរបរ​តាម​មូលដ្ឋាន ដែល​នឹង​អាច​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ឲ្យ​បាន​ទាន់ពេលវេលា​។

​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែកក្កដា​ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម បាន​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន ហើយ​ទឹកទន្លេ​មេគង្គ ក៏​នឹង​បន្ត​ឡើង​រហូត​ដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨​។​

​សេចក្តីជូនដំណឹង ស្តីពី ការ​ហក់​ឡើង​ខ្លាំង នៃ​ទឹកជំនន់​ទន្លេមេគង្គ​លើ ចុះ​ថ្ងៃទី​៣០ ខែកក្កដា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លើកឡើងថា បន្ទាប់ពី​បានធ្វើ​ការតាមដាន ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​លើ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន មេត្តា​ជ្រាបថា ដោយសារ​មានការ​ធ្លាក់ភ្លៀង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ក្នុងប្រទេស​កម្ពុជា បន្ត​កើនឡើង ២-៣ ថ្ងៃ​បន្ថែមទៀត​។​

​សេចក្តីជូនដំណឹង​ដដែល លើកឡើងថា យោងតាម​ការ​ព្យាករ កម្ពស់​ទឹកទន្លេ​មេគង្គ​លើ​កម្ពុជា អាច​នឹង​កើន​ឡើងដល់ ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ ក្នុងនោះ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១១,៤០ ម៉ែត្រ ( កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ )​។ នៅ​ថ្ងៃទី​៤ ខែសីហាទន្លេមេគង្គ​ខេត្តក្រចេះ ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់ ២២,១៥ ម៉ែត្រ ( កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ ) និង​នៅ​ថ្ងៃទី​៥ ខែសីហា​ ទន្លេ​មេគង្គ​ក្នុង​ខេត្តកំពង់ចាម ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់ ១៥,២៥ ម៉ែត្រ ( កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​លើកឡើងថា យោង​លើ​ស្ថានភាព​ទឹក​ដូច​បាន​ព្យាករ និង​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​សូម​រម្លឹកថា ខេត្តស្ទឹងត្រែង ទើបតែ​រាង​ធូរស្រាល​នូវ​ទឹកជំនន់ នៅ​ទន្លេសេកុង ក្នុងស្រុក​សៀម​ប៉ាង ដោយសារ​តែ​ការបាក់​ទំនប់​នៅ​ប្រទេស​ឡាវ ដែល​បាន​ជន់​លិច​ភូមិ​អ្នកស្រុក​ចំនួន ១៧ ភូមិ ក្នុង ៤ ឃុំ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​សរុប​ប្រមាណ ១២៨៧ គ្រួសារ ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​លិច​ទឹក ទៅកាន់​ទីទួល​សុវត្ថិភាព​៕

ព័ត៌មានគួរអានបន្ត

ទុក្ខជាន់លើទុក្ខ!! ក្រោយបាក់ទំនប់រួច ប្រជាជនឡាវកំពុងតែរងគ្រោះមួយទៀត….!!

តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Bangkok Post របស់​ប្រទេស​ថៃ នៅ​ល្ងាច​នេះ បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ជាង ៣​ពាន់​នាក់ កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ បន្ទាប់​ពី​ការ​បាក់​ទំនប់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​ឡាវ តាំង​ពី​យប់​ថ្ងៃ​ចន្ទ។ តាម​របាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស ១៩​នាក់​ហើយ​បាន​ស្លាប់ ក្នុង​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​មួយ​នេះ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​នេះ មាន​មនុស្ស​ប្រមាណ ២៨៥១​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ប៉ុន្តែ​ក៏​នៅ​មាន​ជាង ៣​ពាន់​នាក់​ទៀត ជាប់​គាំង​លើ​តំបន់​ភ្នំ ដែល​ជា​តំបន់​ទេសចរណ៍។ ក្នុង​ចំណោម​នោះ ក៏​មាន​ជនជាតិ​ថៃ ជា​ច្រើន​រយ​នាក់​ផង​ដែរ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភាគ​អាគ្នេយ៍ ខេត្ត Attapeu ដែល​ជា​ខេត្ត​វាល​ទំនាប​មួយ​របស់​ប្រទេស​ឡាវ។ ការ​បាក់​ទំនប់​សម្បើម​នេះ បាន​បញ្ចេញ​​អំណាច​ទឹក​ហូរ ​ពី​ទំនប់​ប្រមាណ ៥​ពាន់​លាន​ម៉ែត្រ​គូប ស្មើ​នឹង​អាង​ហែល​ទឹក​អូឡាំពិក ២​លាន​ដង។ ពេល​នោះ ប្រទេស​ឡាវ បាន​ជួប​គ្រោះ បាត់​បង់​អាយុ​ជីវិត​មនុស្ស​ជា​ច្រើន ម្ដង​រួច​ទៅ​ហើយ ដោយ​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ ប៉ុន្តែ​ពេល​នេះ​ទឹក​បាន​ចាប់​ផ្ដើម​លុក​លុយ​តំបន់​ផ្សេង​ទៀត។ ផ្ទះ​ជា​ច្រើន​ខ្នង ត្រូវ​បាន​ល្បប់​ដី​ហូរ​នាំ​ទៅ​ជាមួយ បាត់​ទាំង​មនុស្ស​ផង​ដែរ។បន្ទាប់​ពី​ការ​បាក់​ទំនប់​ជិត ២៤​ម៉ោង ទើប​អាជ្ញាធរ​អាច​ធ្វើ​ការ​ចូល​ទៅ​សង្គ្រោះ​បានមនុស្ស​ខ្លះ ហើយ​វា​ជា​ឧបសគ្គ​ធំ​បំផុត​មួយ។

ទោះ​បែប​នេះ អាជ្ញាធរ​ខេត្ត Attapeu បាន​និយាយ​ថា មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ ស្ដី​ពី​ការ​ខូច​ខាត និង​ចំនួន​ប្រជាជន​ដែល​បាត់​ខ្លួន​នៅ​ឡើយ​ទេ។ បន្ថែម​ពេល​លើ​នេះ មន្រ្តី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន AFP ថា នៅ​តំបន់​រង​គ្រោះ គ្មាន​សេវា​ទូរសព្ទ​ទាក់​ទង​គ្នា​ឡើយ ដោយសារ​ត្រូវ​កាត់​ផ្ដាច់​ទាំង​ស្រុង។នៅ​ពេល​នេះ ក្រុម​អ្នក​ជួយ​​សង្គ្រោះ​របស់​ប្រទេស​ឡាវ កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ទាំង​អស់​ដែល​ជាប់​គាំង​នៅ​តំបន់​កើត​ហេតុ​ខាង​លើ។ បើ​តាម​ទិដ្ឋភាព​ថត​ពី​លើ​អាកាស គេ​ឃើញ​ល្បប់​ដី​បាន​ហូរ​កប់​ផ្ទះ និង​ព្រៃ​ជា​ច្រើន ក្នុង​ទំហំ​យ៉ាង​ធំ។

ចំណែក​វីដេអូ​ថត​តាម​ផ្ទៃ​ទឹក បង្ហាញ​ថា​មនុស្ស​ជា​ច្រើន បាន​ឡើង​លើ​ដំបូល​ផ្ទះ ដើម្បី​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​យ៉ាង​កម្សត់​ជា​ទី​បំផុត។ក្រុមហ៊ុន​​​រដ្ឋ​​​ឡាវ Xepian Xenamnoy ​​ដែល​​​ចូលរួម​​​សាង​​​សង់​​​ទំនប់​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​បរទេស បាន​​​ព្រមាន​​​ពី​​​គ្រោះ​​​ថ្នាក់​​​នៃ​​​ទំនប់​​​ដែរ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​ ព្រោះ​​​ទឹក​​​ភ្លៀង​​​ធ្លាក់​​​មក​​​ខ្លាំង ហើយ​​​គេ​​​គ​ម្រោង​​​បញ្ចេញ​​​ទឹក​​​ចំនួន ៥​​ពាន់​​​លាន​​​លីត្រ និង​​​ជំរុញ​​​ឲ្យ​​​អ្នក​​​ភូមិ​​​នៅ​​​តំបន់​​​ទំនាប​​​​ប្រញាប់​​​ចាក​​​ចេញ​​​បន្ទាន់​ផង​​​​ដែរ​។ តែ​​​គេ​​​មិន​​​ទាន់​​​ច្បាស់​​​ថា ​​ហេតុ​​​ការណ៍​​​លិច​​​នេះ​​​ជា​​​ចេតនា​​​បញ្ចេញ​​​ទឹក ឬ​​​បាក់​​​រ​លំ​​​ជញ្ជាំង​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ​។

ចំណែក​​​ក្រុមហ៊ុន​​​កូរ៉េ​​​ខាង​​​ត្បូង SK Engineering & Construction ដែល​​​មាន​​​ភាគហ៊ុន​​​ក្នុង​​​គ​ម្រោង​​​ដែរ​​​នោះ​​​និយាយ​​​ថា ​​សញ្ញា​​​នៃ​​​ការ​​​ប្រេះ​​​បែក​​​ជញ្ជាំង​​​ទំនប់​​​បាន​​​រក​​​ឃើញ​​​ដំបូង​​​តាំង​​​ពី​​​ម៉ោង​​​ប្រមាណ​​​ជាង ៩​​យ​ប់​​​ថ្ងៃ​​​អាទិត្យ​​ មុន​​​ពេល​​​វា​​​បាក់​​​រ​លំ​។ ​​ក្រុម​​​អ្នក​​​ជំនាញ​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ជួ​ស​​​ជុ​ល​​​ដែរ ​​ប៉ុន្តែ​​​ត្រូវ​​​រារាំង​​​ដោយ​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​។ ​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ម៉ោង ៣​​ព្រឹក ​​ទឹក​​​ចាប់​​​ផ្ដើម​​​បញ្ចេញ​​​តាម​​​ច្រក​​​សំខាន់​​​មួយ​​​ហូរ​​​ទៅ​​​កាន់​​​តំបន់​​​ទំនាប រហូត​​​ដល់​​​ម៉ោង ១២​​ថ្ងៃ​​​ត្រង់ រដ្ឋាភិបាល​​​បញ្ជា​​​ឲ្យ​​​អ្នក​​​ភូមិ​​​នៅ​​​តាម​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​ត្រូវ​​​ជ​ម្លៀ​ស​​​ខ្លួន ក្រោយ​​​ដឹង​​​ថា​​​វា ​​នឹង​​​ខូច​​​ខាត​​​បន្ថែម​​​ទៀត​។ ​​ស្រាប់​​​តែ​​​ម៉ោង ៨​​យ​ប់​​​ទំនប់​​​ចាប់​​​ផ្ដើម​​​បាក់​​​រ​លំ​​​ខ្លាំង​​ កម្លាំង​​​ទឹក​​​បុក​​​ចូល​​​តាម​​​ភូមិ​​​គួរ​​​ឲ្យ​​​រន្ធត់​​​​តែ​​​ម្ដង​។​ទំនប់​​​សេ​ពាន​​ តម្លៃ ១,២ ពាន់​​​លាន​​​ដុល្លារ​​​នេះ​​ មាន​​​ក្រុមហ៊ុន​​​ពាក់​ព័ន្ធ​​​ក្នុង​​​ការ​​​សាង​​​សង់​​​មក​​​ពី​​​ ៣​​ប្រទេស​​​គឺ​​​ឡាវ ថៃ និង​​​កូរ៉េខាងត្បូង​។​​​ ផ្ទះ​​​ជា​​​ច្រើន​​​នៅ​​​ភាគ​​​ខាងត្បូង​​​នៃ​​​ស្រុក​​​នេះ​​​បាន​​​ប៉ើង​​​តាម​​​ខ្សែ​​​ទឹក និង​​​លិច​​​ដល់​​​ដំបូល​​​ផ្ទះ​។

យោង​​​តាម​​​វេបសាយ​​​របស់​​​ក្រុមហ៊ុន​​​​បាន​ឲ្យ​​​ដឹង​​​ថា​​ ទំនប់​សេពាន អាច​​​ទាញ​​​ថា​ម​ពល​​​បាន​​ ៤១០ មេ​ហ្គា​​​វ៉ា​ត់​​​។ ​​ក្រុមហ៊ុន​​​នេះ​​​មាន​​​គ​ម្រោង​​​នាំ​​​ចេញ​​​អគ្គិសនី ៩០% ​​ទៅ​​​លក់​​​នៅ​​​ប្រទេស​​​ថៃ​​ ហើយ​​​មួយ​​​ចំនួន​​​នៅសល់​​​នឹង​​​សម្រាប់​​​ប្រើប្រាស់​​​ក្នុងស្រុក​​​។ ​​ទំនប់​​​សាង​​​សង់​​​បាន​​​ជិត ៩០% ​​គ្រោង​​​ដំណើរ​​​ការ​​​ឆ្នាំ​​​ក្រោយ​​​ហើយ​។​ទោះ​​​យ៉ាង​​​ណា គ​ម្រោង​​​ទំនប់​​​នៅក្នុង​​​ប្រទេស​​​ឡាវ​​​ដែល​​​ផ្ដោត​​​សំខាន់​​​​ផ្ដល់​​​ថា​ម​ពល​​​​ទៅ​​​កាន់​​​​បណ្តា​​​ប្រទេសជិតខាង ​​​​មាន​​​ភាព​​​ចម្រូងចម្រាស​​​ជា​​​យូរ​​​មក​​​ហើយ​​ ជាមួយ​​​ភាព​​​ភ័យខ្លាច​​​នៃ​​​ការខូចខាត​​​បរិស្ថាន​​ និង​​​ផល​​​ប៉ះពាល់​​​លើ​​​សហ​គមន៍​​​ជាច្រើន​​ ដែល​​​ជារឿយៗ​​​ត្រូវ​​​ផ្លាស់​​​ទី​លំនៅ​​​ដើម្បី ​​បើក​​​ផ្លូវ​​​ឲ្យ​​​ក្រុមហ៊ុន​​​សាងសង់​​​។ ​​

ប្រទេស​​​នេះ​​​មាន​​​ទំនប់​​​វា​​​រី​​​អគ្គិសនី​​​ប្រហែល ១០ កន្លែង​​​កំពុង​​​ដំណើរការ ដោយ ​១០ ទៅ ២០ កន្លែង​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​​សាងសង់​​ និង​​​រាប់​​​សិប​​​ទៀត​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​សិក្សា​​​គ​ម្រោង​។ សូម​​​ចូល​​​រួម​​​រំលែក​​​ទុក្ខ​​​ដល់​​​ប្រជា​ជន​​​ឡាវ​​​ដោយ​​​សារ​​​ឧបទ្ទ​វ​ហេតុ​​​ដ៏​​​អាក្រក់​​​នេះ​​​ផង​៕

error: Content is protected !!