យុទ្ធសាស្ដ្រ៥ចំណុច ដើម្បីផ្ដាច់ចំណងស្នេហ៍ដែលគេបោះបង់ចោលអ្នក…

នៅក្នុងជីវិតស្នេហា មនុស្សគ្រប់គ្នាសុទ្ធតែចង់បានស្នេហាមួយដែលចេះយល់ចិត្តគ្នា ឲ្យតម្លៃគ្នា លះបង់ចំពោះគ្នា និងស្មោះត្រង់និងគ្នា។ គ្រប់គ្នាសុទ្ធតែខ្លាចស្នេហាបោកប្រាស់ ស្នេហាបន្លំឈ្លានពាន ស្នេហាបន្សល់តែក្ដីឈឺចាប់ និងពោរពេញដោយវិប្បដិសារី។ ស្រលាញ់ហួងហែងនរណាម្នាក់ គឺពិតណាស់ថាមិនចង់ឲ្យគេចាកចេញពីជីវិតអ្នកទេ។ បន្ដែនៅពេលដែលវេលាមួយគេត្រូវទៅ ចង់ឃាត់ អ្នកក៏មិនអាចឃាត់គេបានដែរ។
ដូច្នេះហើយ ទើបថ្ងៃនេះ អារម្មណ៍ស្រី លើកយកវិធីសាស្ដ្រ៥ចំណុច ដើម្បីផ្ដាច់ចំណងស្នេហ៍ដែលគេបោះបង់ចោលអ្នក ដោយមិនមានការឈឺចាប់ខ្លាំង។

១. ស្វែងយល់ថាតើហេតុអ្វីបានគេបោះបង់អ្នក?

សួរខ្លួនឯងថាតើ អ្នកបានសាងកំហុសអីមែនទេបានជាគេចាកចេញពីអ្នកបែបនេះ? តើមានបញ្ហាអីទើបគេដាច់ចិត្តចេញពីអ្នក? ឬក៏ការរស់នៅជាមួយគ្នាមិនចុះសម្រុងនិងគ្នា? ប្រសិនបើអ្នកមិនអាចស្វែងរកចម្លើយមួយសមរម្យទេ អ្នកអាចសួរគេដោយផ្ទាល់ដើម្បីឲ្យអស់សង្ស័យ។ ប្រសិនបើគេក្លាហាន គេនឹងប្រាប់អ្នកត្រង់ៗដោយមកពីហេតុអីឲ្យពិតប្រាកដ។ ប៉ុុន្ដែ ប្រសិនបើគេជាមនុស្សពុតត្បុត គេនឹងមិនហ៊ានឆ្លើយប្រាប់អ្នកពីហេតុផលច្បាស់លាស់ទេ។ បើទោះបីជាគេឆ្លើយ ក៏ឆ្លើយក្នុងលក្ខណលាក់លៀម លំៗ ដែរ ហើយចម្លើយនោះមិនអាចយកជាការបាន។ ដូច្នេះគឺហេតុផលតែមួយគត់ដែលអ្នកអាចសន្មតបាន “គេមានថ្មី” ក្រៅពីអ្នក ហើយគេបានលាក់លៀមនិងអ្នកមកហើយ។
ហើយជួនកាល ចំណងស្នេហាខ្លះដាច់ចេញពីគ្នាដោយសារតែអ្នកទាំងពីរអស់ចិត្តនិងគ្នា ទើបគេសម្រេចចិត្តជ្រើសរើសផ្លូវដើររៀងៗខ្លួន។ ចំណែកឯចំណងស្នេហាខ្លះទៀត បែកគ្នាដោយសារមានអ្នកដទៃមកជ្រៀតជ្រែក។ ប្រសិនបើគេម្នាក់នោះល្អពិតមែន គេមិនចិត្តស្រាលតាមខ្យល់បក់ទ។ តែប្រសិនបើគេចិត្តដូចផ្សេង ឲ្យគេទៅចុះ។ នេះមិនមែនមកពីអ្នកមិនល្អសម្រាប់គេទេ គឺគេមិនមែនជាមនុស្សមានសំណាងដែលបានមនុស្សល្អដូចជាអ្នកធ្វើជាគូវាសនា។ ទ្រាំឈឺមួយរយៈខ្លីសិនចុះ គ្រប់យ៉ាងនឹងប្រសើរឡើងវិញក្នុងថ្ងៃណាមួយ។

២. បណ្ដោយតាមពេលវេលា

ប្រាកដណាស់ថា ស្នេហាបែកបាក់ វានឹងផ្ដល់មកវិញនូវក្ដីឈឺចាប់ ក្រៀមក្រំ មានតិច មានខ្លាំង តាមទំហំនៃក្ដីស្រលាញ់នោះ។ តែទោះជាយ៉ាងណា ក៏អ្នកមិនគួរបណ្ដែតបណ្ដោយខ្លួនឲ្យដុនដាបដោយសារវាដែរ។ អ្នកត្រូវតែរឹងមាំ ហើយទទួលយកការពិតដោយដៃពីរ។ ពាក្យមួយបានពោលថា “ទឹកហូរមិនដែលហត់ៗតែអ្នកហែល”។ ពិតណាស់ ពេលវេលាមិនដែលឈឺចាប់ជាមួយអ្នកទេ មានតែអ្នកទេ ដែលបណ្ដោយពេលវេលាឥតប្រយោជន៍ក្នុងការឈឺចាប់។ ឈឺចាប់តែខ្លួនឯង ខូចចិត្តតែខ្លួនឯង ហត់តែខ្លួនឯង។​ ប៉ុន្ដែប្រសិនបើអ្នកចេះបណ្ដោយខ្លួនតាមខ្សែហូរនៃពេលពេលវេលាៗនឹងហូរនាំយកអ្នកទៅកាន់កន្លែងមួយដែលប្រសើរ។
“មនុស្សឆ្លាត តែងណ្ដោយខ្លួនតាមខ្សែទឹកហូរ ដូច្នេះហើយទើបគេមិនចេះហត់”

៣. ត្រូវយល់ថា ហេតុអីបានជាអ្នកបណ្ដោយឲ្យគេទៅ

នៅក្នុងទំនាក់ទំនងស្នេហាខ្លះមិនបានបញ្ចប់ដោយពេញលេញទេ ជួនកាលដៃគូរបស់អ្នករអាចនឹងមកសុំត្រូវរ៉ូវគ្នាវិញ ដែលធ្វើឲ្យទំនាក់ទំនងនោះដើរទៅរកផ្លូវមួយអាចផ្សារភ្ជាប់ឡើងវិញ។ ប្រៀបបាននិងភ្លើងទៀនដែលរលត់ ហើយមានអ្នកព្យាយាមយកភ្លើងទៅអុជបំភ្លឺវិញដូច្នេះដែរ។ តែទោះជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងអាស្រ័យលើអ្នក ប្រសិនសិនបើអ្នកគិតថាស្នេហានោះបានឈានដល់ការសុំបែកគ្នាហើយ អ្នកធ្វើចិត្តបំភ្លេចគេបានហើយ ហេតុអ្វីអ្នកទៅទន់ចិត្តទទួលយកគេទៀតនោះ? អ្នកមិនដឹងទេថ​ា ថ្ងៃក្រោយគេនឹងធ្វើឲ្យអ្នកឈឺចាប់ម្ដងទៀតឬអត់? “កែវដែលបែកប្រេះស្រាំហើយ បើទោះជាព្យាយាមយកជ័រកាវបិទ ក៏វាមិនអាចដូចដើមវិញបានដែរ”។

៤. អ្នកថ្មីគេល្អ

“ធ្វើស្រែខុសមួយឆ្នាំ គង់ត្រូវមួយឆ្នាំ” ការជ្រើសរើសដៃគូរជីវិត ខុសមួយគង់តែត្រូវមួយទេ។ ដូច្នេះ កុំបិទទ្ធាបេះដូងរបស់អ្នកត្រឹមមនុស្សម្នាក់ដែលបោះបង់អ្នកចោលនោះ។ អ្នកគួរយកពេលវេលាដើម្បីបានជួបមនស្សផ្សេងៗទៀត ដើម្បីជាការយកពេលបំភ្លេចម្នាក់នោះចោល។ ប្រសិនបើមានអ្នកណាមកសុំស្រលាញ់អ្នកម្ដងទៀត អ្នកក៏មិនគួរឆាប់ឆ្លើយព្រមទទួលភ្លាមដែរ ព្រោះថាបទពិសោធន៍ដែលអ្នកទទួលបានគឺវាគ្រប់គ្រាន់ហើយ។ ប៉ុន្ដែអ្នកក៏មិនគួរបដិសេធភ្លាមៗដែរ ព្រោះអ្នកអាចនឹងខកចិត្តវិញ ប្រសិនបើដឹងថាម្នាក់នោះជាមនុស្សល្អ ហើយមានគេតាមយកបានមុនអ្នក។ អ្នកគួរតែប្រើពេលវេលាខ្លះៗជាមួយគេ ដើម្បីសិក្សាស្វែងយល់ចិត្តគ្នាជាមួយគេ។ តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកនៅជាមួយគេគឺសិក្សាចិត្តគ្នាទៅវិញទៅមក មិនមែនយកគេមក ដើម្បីបំភ្លេចម្នាក់នោះទេ។

៥. បើកបេះដូងទទួលអ្នកថ្មី

នៅពេលដែលអ្នកចំណាយពេលសិក្សាពីគ្នាសមល្មមហើយ នោះអ្នកនឹងដឹងថាគេជាមនុស្សបែបនេះពិប្រកដ។ ដូច្នេះប្រសិនបើគេជាមនុស្សអាចនឹងកាន់ដៃអ្នកអស់មួយជីវិតបាន អ្នកក៏គួរបើទ្វាបេះដូងទទួលយកគេវិញដែរ។ ហើយរឿងមួយដែលអ្នកគួរចងចាំគឺ ប្រសិនបើអ្នកចំណាយពេលនៅជាមួយគេ តែចុងក្រោយអ្នកនៅតែមិនអាចបំភ្លេចអ្នកចាស់បាន នោះគឺអ្នកកំពុងតែសម្លាប់អ្នកថ្មីហើយ។ សូមកុំធ្វើបែបនេះឲ្យសោះ។
ចុងក្រោយ ពាក្យ “ស្រលាញ់” គឺងាយស្រួលក្នុងការនិយាយ។ ពាក្យ “បែកគ្នា” គឺជាពាក្យដែលពិបាកទទួលយកបំផុត។ ប៉ុន្ដែអ្នកត្រូវតែហ៊ានទទួលស្គាល់ការពិតនៃក្ដីស្នេហា។ មានជួប មានព្រាត់។

ប្រភព៖​ អារម្មណ៍ស្រី

error: Content is protected !!