វិធីសាស្ត្រ​ធ្វើ​ឲ្យ​ស្បែក​ស្អាត ក្រោយពេល​សម្រាលកូន​រួច​

ជា​រឿង​មួយ ដែល​គេ​បានដឹង​គ្រប់គ្នា​ថា កម្រិត​អ័រម៉ូន និង​ការប្រែប្រួល​របស់​រាងកាយ​ក្រោយពេល​ឆ្លងទន្លេ​រួច​នោះ ច្រើនតែ​ហុច​ផល​ធ្វើ​ឲ្យ​ស្បែក ដែល​ធ្លាប់តែ​ស្រស់ថ្លា​ភ្លឺរលោង​របស់​អ្នក​ម្តាយ​ទៅជា​ស្ងួត​គ្រើម ឡើង​ពណ៌​ស្រគាំ​នៅតាម​ចំណុចផ្សេងៗ ដូចជា ប្រឡោះ​ក្លៀក គន្លាក់អាចម៍ ក្បាល​សុដន​ជាដើម។

ទោះជា​ស្បែក​នឹង​ល្អ​ស្អាត​ឡើងវិញ​ជាបណ្តើរៗនៅពេល​ក្រោយ​មែន តែ​អាច​ត្រូវ​ប្រើ​ពេលវេលា​យូរ​ក្នុងការ​ស្តារ​សភាព​ស្បែក​ឡើងវិញ ការ​លាប​ឡេ​ថែបំប៉ន​ស្បែក អាចជួយ​ឲ្យ​ស្បែក​ត្រឡប់មក​ស្អាត​ភ្លឺរលោង មាន​សុខ​ភាពល្អ​បាន​កាន់តែ​លឿន​ឡើង ។

រឿង​ដែល​សំខាន់​នោះ​គឺ​ការជ្រើសរើស​ប្រើ​ឡេ​ថែបំប៉ន​ស្បែក​ឲ្យ​សក្តិសម​នឹង​សភាព​ស្បែក និង​ការ​លាប​យ៉ាង​ត្រឹមត្រូវ​តាម​វិធី នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​របស់​សាច់​ឡេ​ឲ្យ​កាន់តែ​បាន​ផល​ខ្លាំង​ឡើង​ទៀត ។

 

ប្រភេទ​សាច់​ឡេនីមួយ៖

០១) សា​ច់ឡេ​ឃ្រី​ម ( Cream )៖ សា​ច់ឡេ​ខាប់ និង​មាន​សភាព​ធ្ងន់​ជាង​ប្រភេទ​ឡូ​ស៊ឹ​ន ឬ​ជេ​ល ព្រោះ​មាន​ចំណែក​ផ្សំ​របស់​ប្រេង​ច្រើនជាង សក្តិសម​នឹង​អ្នក​ម្តាយ​ដែលមាន​ស្បែក​ស្ងួត ត្រូវការ​សំណើម​ច្រើន​ជាពិសេស ។

០២) សាច់​ឡេ​ឡូ​ស៊ឹ​ន ( Lotion )៖ ឡូ​ស៊ឹ​ន​មាន​លក្ខណៈ​សាច់​ស្តើង​ស្រាល ជ្រាបចូល​ទៅក្នុង​ស្បែ​កបាន​លឿន​ជាង​សាច់​ឃ្រី​ម មានឈ្មោះ​ហៅ​មួយបែប​ទៀតថា ហ្វ្លី​ដ ( Fluid ) ល្អ​សំរាប់​អ្នក​ម្តាយ​ដែលមាន​ស្បែក​ធម្មតា ។ ចំណែក​អ្នក​ម្តាយ​ដែល​ស្បែក​មាន​ឡើង​ប្រេង គួរ​ជ្រើសរើស​ប្រើ​ឡូ​ស៊ឹ​ន​ប្រភេទ​ដែល​គ្មាន​ចំណែក​ផ្សំ​របស់​ប្រេង ( Oil-free ) ព្រោះ​វា​នឹងមិន​ធ្វើ​ឲ្យ​ស្បែ​កមុខ​ឡើង​ប្រេង​ច្រើននៅក្នុង​ចន្លោះពេល​ថ្ងៃ ។

០៣) សាច់​ជេ​ល ( Gel )៖ សាច់​ជេ​ល​មាន​ចំណែក​ផ្សំ​របស់​ទឹកជា​គោល និង​មាន​ជាតិ​ប្រេង​តិច ទើប​ធ្វើ​ឲ្យ​ជ្រាបចូល​ទៅក្នុង​ស្បែក​បាន​ងាយស្រួល និង​រហ័ស​ជាង​សា​ច់ឡេ​ឃ្រី​ម ឬ​ឡូ​ស៊ឹ​ន ។ សក្តិសម​សំរាប់​អ្នក​ម្តាយ​ដែលមាន​ស្បែក​ស្តើង និង​ងាយ​មាន​ប្រ​ត្តិ​កម្ម។

០៤) សាច់​ឡេ អ៊ី​ម៉ា​ល់​ស៊ឹ​ន ( Emulsion )៖ ស្ថិតក្នុង​រូបភាព​ជាវ​ត្ថុ​រាវ សាច់​ឡេ​មាន​សភាព​ធ្ងន់​ជាង​ឡេ​ឡូ​ស៊ឹ​ន ស្រដៀង​ទឹកដោះ តែ​ស្រាល​ជាង​សាច់​ឃ្រី​ម​ល្អ​សំរាប់​អ្នក​ម្តាយ​ស្បែក​ធម្មតា ឬ​ស្បែក​ស្ងួត ។

០៥) សាច់​សេរ៉ូម ( Serum )៖ ស្ថិតក្នុង​រូបភាព​ជាវ​ត្ថុ​រាវ ដែលមាន​ទាំង​ប្រភេទ ទឹក ប្រេង ឬ ជេ​ល​ថ្លា ឬ​អាច​ហៅថា ជា​អាហារ​របស់​ស្បែក​ដែលមាន​ភាព​ខាប់​ខ្ពស់ សក្តិសម​នឹង​អ្នក​ម្តាយ​ដែលមាន​ស្បែក​ក្រាស់​គ្រើម​ត្រូវការ​ស្តារ​សភាព​ស្បែក​ឡើងវិញ​ជាបន្ទាន់ ។

០៦) ប្រេង​ពី​ធម្មជាតិ ( Natural oils )៖ ការធ្វើ​ម៉ាស្សា​ដោយ​ប្រេងដូង ប្រេងល្ង ឬ​ប្រេង​ម្កាក់ ដើម្បី​ឲ្យ​ស្បែក​ធន់​នឹង​ការសំរួល​សភាព​ដែល​ត្រូវ​យឺត​យារ ឬ​រួញ​រឹប​ក្រោយពេល​ឆ្លងទន្លេ ។ អាច​ប្រើ​បាន​គ្រប់​សភាព​ស្បែក និង​មិនបាច់​កង្វល់​ពី​រឿង​សារ​ធាតុគីមី​ដែល​នៅ​សេសសល់​លើ​ស្បែក​ឡើយ ។

ការ​លាប​ឡេ​យ៉ាង​ត្រឹមត្រូវ៖

បំពង់ក៖ ចាប់ផ្តើម​លាប​ពី​បរិវេណ​ដែល​ធំ​ទូលាយ​បំផុត​របស់​បំពង់ក​ជាមុន គឺ ម្តុំ​គល់​ក ហើយ​ប្រើ​ចុង​ម្រាមដៃ​ទាំងអស់​លាប​អង្អែលសន្សឹមៗឡើង​ទៅលើ មិនគួរ​លាប​ចុះ​ទេ​ព្រោះ​អាច​នឹងធ្វើ​ឲ្យ​ស្បែក​បរិវេណ​បំពង់ក​យឺត​យារ​ធ្លាក់​នៅពេល​ក្រោយ​បាន ។

ដើមទ្រូង៖ អាច​ប្រើ​សាច់​ឡេ​ដែល​នៅសល់​ពី​បំពង់ក​លាប​បែបអង្អែលៗនៅ​ម្តុំ​បរិវេណ​ដើមទ្រូង​ជា​បន្តបាន ដោយ​ការប្រើ​ចុង​ម្រាមដៃ​លាបថ្នមៗនិង​វឹល​ទៅមក​ឲ្យ​សព្វ​ពេញ​ដើមទ្រូង ដើម្បី​ឲ្យ​សា​ច់ឡេ​ជ្រាបចូល​ទៅក្នុង​ស្បែក រួច​សឹម​លាប​ដេញ​ទៅរក​ក្បាលពោះ និង​ផ្នែក​ខ្នង ។

ដៃ៖ ចាប់ផ្តើម​ពី​ដើមដៃ​ផ្នែក​ខាងមុខ​ជាមុន ហើយ​លាប​វឹល​ឡើងទៅ​ផ្នែក​ខាងក្រោយ ដោយ​ការប្រើ​ចុង​ម្រាមដៃ​លាប​អង្អែលស្រាលៗ ដើម្បី​ឲ្យ​សា​ច់ឡេ​ជ្រាបចូល​ទៅក្នុង​ស្បែក ។

ជើង៖ ចាប់ផ្តើម​ពី​គល់ភ្លៅ​ជាមុន ហើយ​លាប​លុ​ញ​ជា​រាង​រង្វង់​មូល​ចុះ​ទៅខាង​ចុងជើង ដោយ​ការប្រើ​ចុង​ម្រាមដៃ​លាប​អង្អែលស្រាលៗ ដើម្បី​ឲ្យ​សា​ច់ឡេ​ជ្រាប​ចូលទៅ​ក្រោម​ស្បែក និង​គួរ​សង្កត់ធ្ងន់​លើ​បរិវេណ​ស្មងជើង​ទាំងសងខាង​ឲ្យ​បាន​ច្រើន ព្រោះ​នៅត្រង់​កន្លែង​ហ្នឹង ស្បែក​ងាយ​ស្ងួត​ខ្លាំងណាស់ ចំណែកឯ​បរិវេណ​ប្រអប់ជើង​វិញ គួរ​លាប​ទាំង​លើ​ខ្នងជើង និង​បាតជើង ព្រមទាំង​ធ្វើការ​ម៉ាស្សា​ឲ្យ​សព្វ​ពេញ​ប្រអប់ជើង​ផង ដើម្បី​ឲ្យ​បាន​ធូរស្រាល​អារ​ម្ម​ណ៏ និង​បង្កើន​លំហូរ​វឹល​របស់​លោ​ហឹ​ត ។

គន្លឹះ និង​សេចក្ដីណែនាំ៖

ចៀសវាង​ការ​ងូតទឹក​ដែល​ក្តៅឧណ្ហៗខ្លាំងពេក ព្រោះ​នឹងធ្វើ​ឲ្យ​ស្រទាប់​លើ​របស់​ស្បែក​បាត់បង់​សំណើម​និង​ងាយ​កើត​ភាព​ក្រហាយ​ផ្សា ចូរ​លាប​ឡេ​ក្រោយពេល​ងូតទឹក​រួច​រៀងរាល់​លើក ឬ​នៅពេល​ដែលមាន​អារម្មណ៍​ថា​រមាស់​នៅលើ​ស្បែក ។ ពេល​ងូតទឹក​រួច ចូរ​ជូត​សំអាតខ្លួន​ដោយ​មិនបាច់​ឲ្យ​ស្ងួត​ពេក​ទេ ហើយ​ប្រញាប់​លាប​ឡេ​ថែបំប៉ន​ស្បែក​ឲ្យ​សព្វ​ពេញ​ខ្លួន ព្រោះ​នៅពេល​ហ្នឹង​ស្បែក​អាច​រក្សា​សំណើម​បាន​ច្រើន​បំផុត៕

ប្រភព៖ babyandmom

error: Content is protected !!