loading...

ជួយស៊ែរបន្ត៖ វិធីសាស្ត្រផ្តាច់ដោះកូនដោយមិនប៉ះពាល់ដល់សុខភាព

ជាធម្មតា ក្មេងនៅពេលមានវ័យ ២ឆ្នាំ អាចឈានដល់ដំណាក់កាលឈប់បៅទឹកដោះ តែក៏នៅមានក្មេងមួយចំនួននៅបៅទឹកដោះដែរ ដែលជាហេតុធ្វើឱ្យ​អ្នកម្ដាយមាន​ការពិបាក។ ថ្ងៃនេះ Baby and Mom សូមណែនាំនូវវិធីសាស្ត្រដែលល្អក្នុងការផ្តាច់ដោះកូនយ៉ាងត្រឹមត្រូវ និង​មាន​សុវត្ថិភាព។

១/ ក្មេងដែលមានអាយុលើស ២ឆ្នាំឡើងទៅ គឺស្ថិតនៅក្នុងអំឡុងពេលសមល្មមក្នុងការផ្តាច់ដោះហើយ តែបើនៅក្នុងអំឡុងពេលកើតដំបូង ឬ ៦-៧ខែនោះ គួរឱ្យគេបានបៅទឹកដោះម្តាយជាមុនសិន ការឱ្យគេឈប់បៅទឹកដោះម្តាយក្នុងអំឡុងពេលនោះ ក្រៅពីនឹងធ្វើឱ្យរាងកាយរបស់កូនមិនបានទទួលសារធាតុអាហារពីទឹកដោះម្តាយហើយនោះ នៅមានផលប៉ះពាល់ធ្វើឱ្យកូនតូចយំងង៉ក់រករឿង សាងភាពឈឺក្បាលវឹលមុខដល់លោកឪពុកអ្នកម្តាយទៀតផង។

២/ នៅពេលដល់ពេលវេលាដែលស័ក្តិសមល្មមហើយនោះ អ្នកម្តាយអាចកាត់បន្ថយការឱ្យកូនបៅដោះម្តងបន្តិចៗ ឧទាហរណ៍ កាលពីមុន ៣ដងក្នុងមួយថ្ងៃ មកនៅត្រឹម ២ ដង និង១ដងជាបន្តបន្ទាប់ រហូតដល់កូនអាចលែងបៅដោយខ្លួនឯងតែម្តង ក្នុងអំឡុងពេលនោះគួរឱ្យកូនបៅទឹកដោះផ្សេងជំនួសវិញ ដូចជាទឹកដោះគោប្រអប់ ឬទឹកសណ្តែកលឿងជាដើម។

៣/ ក្មេងគ្រប់គ្នាច្រើនតែបដិសេធទឹកដោះគោប្រភេទផ្សេងៗដែលមិនមែនជាទឹកដោះម្តាយក្នុងអំឡុងពេលដំបូងៗនៃការផ្តាច់ដោះនេះសឹងតែទាំងអស់ ដូច្នេះគួរឱ្យគេញ៉ាំទឹកដោះគោប្រអប់ ឬទឹកដោះគោឆុងក្នុងពេលណាដែលគេឃ្លាន ព្រោះពេលដែលគេឃ្លានខ្លាំងនេះ គេមិនសូវបដិសេធប៉ុន្មានទេ។

៤/ ខណៈពេលដែលកូនកំពុងបៅទឹកដោះគោ អ្នកម្តាយត្រូវឱបកូន និយាយរឿងនេះរឿងនោះឱ្យកូនស្តាប់ ឬលេងជាមួយគេឱ្យដូចកាលពីពេលគេនៅបៅដោះម្តាយ ដើម្បីឱ្យគេកើតភាពស៊ាំធ្លាប់ដូចពេលកន្លងមក។

៥/ ក្នុងអំឡុងពេលនៃការផ្តាច់ដោះនេះ កូននឹងងង៉ក់រករឿងខ្លាំងណាស់ ដូច្នេះលោកឪពុកអ្នកម្តាយត្រូវតែចេះអត់ទ្រាំ កុំមួម៉ៅ និងកុំស្រែកឡូឡាដាក់កូនជាដាច់ខាត ទោះជាគេនៅតូច និងនៅមិនទាន់ដឹងក្តីមែន តែគេអាចនឹងចងចាំ និងរៀនយល់ដឹងបាន៕

ប្រភព៖ babyandmom

error: Content is protected !!